ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ជំរុញបន្ថែមដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឱ្យលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទី ក្នុងស្ថាប័នរបស់ខ្លួនដោយគ្មានការរើសអើង

223

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអបអរទិវាជនពិការជាតិ និងអន្តរជាតិ ៣ ធ្នូ ឆ្នាំ២០២១ ទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងអន្តរជាតិលើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ធ្វើឡើងក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការភាព ដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញក្រោយកូវីដ-១៩ ប្រកបដោយបរិយាបន្ន ផាសុកវត្ថុ និងចីរភាព»។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីក្ដីមេត្តាធម៌ និងការលះបង់របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា ដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងយកចិត្តទុកដាក់ ដល់សុខទុកកូនចៅមានពិការភាពរបស់ព្រះអង្គ ដោយបានប្រោសប្រទានព្រះរាជអំណោយ ដ៏វិសេសវិសាលថ្លៃថ្លាដល់កូនចៅដែលរងគ្រោះ ដោយមេរោគកូវីដ-១៩ ពិសេសជនមានពិការភាព។
ក្នុងសារលិខិតក្នុងឱកាសនៃទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិឆ្នាំនេះ សម្ដេចតេជោ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តន៍ឱ្យមានប្រសិទ្ធភាព បន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឹកូវីដ-១៩ធ្វើយ៉ាងណាឱ្យដល់ជនមានពិការភាព និងជំរុញដល់ជនមានពិការភាពទាំងអស់រក្សាវិធានការសុខាភិបាលដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ផងដែរ។

សម្ដេចបានជំរុញបន្ថែមដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឱ្យលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណសម្បត្តិនិងសមត្ថភាពឱ្យបំពេញមុខងារតួនាទី ក្នុងស្ថាប័នរបស់ខ្លួនដោយគ្មានការរើសអើង ស្របគ្នាជាមួយនឹងការរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាព ដូចជាការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានានៅតាមទីតាំងសាធារណៈនិងឯកជនទាំងអស់។

ជាមួយគ្នានេះ សម្ដេចតេជោ បានអំពាវនាវដល់ក្រសួងព័ត៌មានឱ្យណែនាំ ដល់គ្រប់ស្ថានីយវិទ្យុនិងទួរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មានឱ្យបង្កើនម៉ោងផ្សាយ ឱ្យបានទូលំទូលាយដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មានស្ដីពីការរាតត្បាតនិងវិធីការពារជំងឺកូវីដ-១៩ ដល់ជនមានពិការភាព ខណៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនល្បឿនក្នុងការធ្វើអត្តសញ្ញាណពិការភាព ជូនជនមានពិការភាពគ្រប់រូបទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ពួកគាត់ អាចប្រើបានក្នុងការទទួលបានសេវាសាធារណៈនិងឯកជន៕

អត្ថបទដែលជាប់ទាក់ទង