ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំឡើងពន្ធថ្នាំជក់ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងសុខភាពប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នកម្ពុជា ហូតពន្ធថ្នាំជក់ត្រឹមតែ ២៥% និង ៣១%

36

 

ភ្នំពេញ ៖ ការដំឡើងពន្ធថ្នាំជក់ នឹងធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលពន្ធបន្ថែម យ៉ាងក្រាស់ក្រែលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ សេចក្តីប្រកាសព័ត៌មាន អង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) នៅថ្ងៃទី៩ខែធ្នូឆ្នាំ២០២១នេះ។

អង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកម្ពុជាដំឡើងពន្ធដល់៧៥%នៃតម្លៃបារីលក់រាយ (ការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៨)។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាហូតពន្ធថ្នាំជក់ត្រឹមតែ ២៥% និង ៣១% ដែលជាអត្រាទាបបំផុតធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន។

ផ្ទុយទៅវិញ កម្ពុជាបានខាតបង់ប្រាក់ចំណូលពន្ធ ក្នុងទំហំទឹកប្រាក់ ២៧៩,៦ពាន់លានរៀលនៅក្នុងឆ្នាំ២០១៩ និង ៥៣២,៣ពាន់លានរៀលក្នុងឆ្នាំ២០២០ ដោយសារខកខានមិនបានដំឡើងពន្ធបារីបន្ថែម ៥០០រៀល/កញ្ចប់ និង១០០០រៀល/កញ្ចប់ រៀងគ្នា នេះបើយោងតាមការស្រាវជ្រាវមួយ របស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) នៅឆ្នាំ២០១៨។
មិនត្រឹមតែខាតចំណូលពន្ធរដ្ឋ ការជក់បារីក៏បានបង្កឱ្យមានជំងឺផ្សេងៗជាច្រើន រួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់គាំទ្រការដំឡើងពន្ធថ្នាំជក់ ដើម្បីកាត់បន្ថយហានិភ័យសុខភាព និងបង្កើនចំណូលពន្ធជាតិ។ ជាក់ស្ដែង យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យ ដែលចេញផ្សាយនៅឆ្នាំ២០២១នេះ បានបង្ហាញថា ប្រជាជនកម្ពុជារហូត ៩៤% គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់។ ពោលគឺគាំទ្រឱ្យដំឡើងដល់ ៦២% នៃតម្លៃលក់រាយ ដែលស្មើនឹង២ដងនៃពន្ធថ្នាំជក់បច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០ នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែជំងឺបង្កឡើងដោយសារការប្រើប្រាស់ថ្នាំជក់ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិ ៦៤៩ លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង៣%នៃផលិតផលក្នុងស្រុកសរុប(GDP) របស់កម្ពុជា នេះបើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង