ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខេត្ត​កំពង់ចាម​ គ្រោងនឹង​ បង្កើតក្រុមការងារមួយ​ ដើម្បីសាកល្បងលើការសិក្សា​ អំពីស្ថានភាពប្រជាជន​ ដែលរងគ្រោះដោយការបាក់ច្រាំងទន្លេ​

57

កំពង់ចាម​ ៖ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ លោក​ គួច​ ចំរើន​ និងលោកស្រីអមដំណើរ​ដោយ​ប្រធាន​មន្ទីរ​ មន្ត្រី​​ជំនាញ​ពាក់ព័ន្ធ​ កាលពីព្រឹក​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១៨ ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​បាក់​ច្រាំង​ទន្លេ និង​ដឹកនាំ​កម្លាំងសមត្ថកិច្ច​ ​ចុះ​ជួយ​រុះរើ​ ផ្ទះ​ពលរដ្ឋ​រងគ្រោះ​​ នៅ​ភូមិ​ទី៩​ ឃុំ​អង្គរបាន​ និង​ភូមិ​បឹងសាងលិច​ ឃុំសូគង​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ និងបាន​រក​ដំណោះ​ស្រាយ​ ជូន​ប្រជាពលរដ្ឋ​ ដែល​ទទួល​ការ​គំរាមកំហែង​ ដោយ​ការ​បាក់​ច្រាំង​ទន្លេ​ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋានរបស់ពួកគាត់ផងដែរ។

បន្ទាប់​ពី​ចុះ​ពិនិត្យ​ការ​បាក់​ច្រាំង​ទន្លេ​ នៅ​ភូមិ​ទី​៩​ ឃុំ​អង្គរបាន​ លោកអភិបាលខេត្ត​ និង​ក្រុម​ការងារ​ បាន​ចុះ​លុយទឹក​ទៅ​ជួយ​រុះរើ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ភូមិ​បឹងសាងលិច​ ដែល​កំពុង​ទទួល​រងនូវការ​គំរាមកំហែង​ដោយ​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់​ ព្រម​ទាំង​បាន​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំង​២៣គ្រួសារ​ផង​ដែរ​ ។ ​

ក្នុង​ឱកាស​នោះ​ លោក​ គួច​ ចំរើន​ បានផ្តួចផ្តើម​ បង្កើតក្រុមការងារមួយ​ ដើម្បីសាកល្បងសិក្សា​ អំពីស្ថានភាពប្រជាជន​ ដែលរងដោយការបាក់ច្រាំងទន្លេ​។​លោកអភិបាលបានមានប្រសាសន៍ថា រៀងរាល់ឆ្នាំ​ នៅខេត្តកំពង់ចាមតែងតែ​ មានប្រជាជន​ រងគ្រោះដោយការបាក់ច្រាំងទន្លេ​ ធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ពួកគាត់​ ហើយរុះរើទៅកាន់ទីលំនៅថ្មី​ មានប្រជាជនខ្លះមិនបានដឹងមុន​ បាក់ច្រាំងស្រុតផ្ទះចូលទន្លេ​បាត់ក៍មាន​។​

លោកបន្តថា ចំពោះគ្រួសារដែលបានរុះរើ​ ចាប់ផ្ដើមកសាងលំនៅឋានឡើងវិញ​ ទៅតាមស្ថានភាពជាក់ស្ដែងរបស់គ្រួសារនីមួយៗ​ ខ្លះទៅជិត​ ខ្លះទៅឆ្ងាយ​ ខ្លះចាកចោលស្រុក​ ទៅតាមលទ្ធភាពរៀងៗខ្លួន។​ ក្រុមការងារនេះ​ សាកល្បងប្រមូលផ្ដុំគិត​រកវិធីដើម្បីជួយពួកគាត់​ ក្នុងការស្ដារស្ថានភាពឡើងវិញ​ ទៅតាមលទ្ធភាព​ សមត្ថភាព​ ដែលអាចធ្វើទៅបាន​ ៕

អត្ថបទដែលជាប់ទាក់ទង