ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគីទាំងពីរ កម្ពុជានិងវៀតណាម បានឯកភាពគ្នា ក្នុងការពន្លឿនការចុះហត្ថលេខា ស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន

31

 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សា ការងារជាមួយប្រធានរដ្ឋវៀតណាម,
ភាគីទាំងពីរ ក៏បានឯកភាពគ្នាផងដែរ ក្នុងការពន្លឿនការចុះហត្ថលេខា ស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាជន ទាំងសងខាង ផង និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយ នឹងឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរឯកឧត្តមអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់នៃ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្នុងតួនាទីជាប្រធានរដ្ឋវៀតណាម។ ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ច បើកឆ្នាំមិត្តភាពកម្ពុជាវៀតណាមឆ្នាំ២០២២។

ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថេរភាពនយោបាយ លើកកម្ពស់តួនាទី និងមុខមាត់ប្រទេសកម្ពុជា ក្នុងតំបន់និងលើឆាកអន្តរជាតិ ។

ជាមួយគ្នានោះផងដែរ ភាគីទាំងពីរក៏បានសម្ដែង នូវការពេញចិត្តចំពោះ ភាពរីកចម្រើន ទំនាក់ទំនង រវាងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធបំផុត ព្រមទាំងមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៥៥ឆ្នាំ កន្លងមក ទោះបីជាស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

លើសពីនេះទៅទៀត ភាគីទាំងពីរក៏បាន អបអរសាទរចំពោះ កិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងបានឯកភាពគ្នា ជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ ការការពារវិនិយោគ និងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមបែបថ្មី និងព្រមព្រៀងគ្នាជំរុញការរៀបចំផែនការមេ ស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចកម្ពុជា-វៀតណាម ផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពន្លឿនការចុះហត្ថលេខា ស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះ ទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញ ទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាជន ទាំងសងខាង ផង និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម រវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។
ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញពង្រឹងបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ លើវិស័យសុខាភិបាល លើវិស័យអប់រំ លើវិស័យយុត្តិធម៌ ក្នុងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅលើឆាកអន្តរជាតិ និងឆាតតំបន់ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណចំពោះឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc)ដែលកន្លងមកបានគាំទ្រ ក៏ដូចជាជួយដល់កម្ពុជាឱ្យទទួល បានជោគជ័យក្នុងកិច្ចប្រជុំ អាស៊ីអឺរ៉ុបនាពេលកន្លងមកនេះ និងអរគុណដល់ឯកឧត្តមផងដែរ ដែលគាំទ្រ និងជូនពរកម្ពុជាឲ្យទទួល បានជោគជ័យ ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង