ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគីទាំងពីរ បានឯកភាពរួមគ្នា រៀបចំកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម នៃប្រទេសវៀតណាម និងកម្ពុជា

42

 

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:៣០ ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តម Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការីដើម្បីពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរ លើកិច្ចសហប្រតិបត្តិការលើ ការងារបច្ចេកទេសរវាងក្រសួងទាំងពីរលើ អនុវិស័យកសិកម្មពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ (SPS) ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើនិង សត្វព្រៃឆ្លងដែនខុសច្បាប់ ក្នុងអនុវិស័យព្រៃឈើ ការទប់ស្កាត់ចរាចរសត្វ ជំងឺឆ្លងសត្វនិងចត្តាឡីស័កសត្វ ការងារសហប្រតិបត្តិលើការងារកៅស៊ូ និងគម្រោងឧបត្ថម្ភគាំទ្រ បច្ចេកទេសនៃការធ្វើវារីវប្បកម្ម នៃអនុវិស័យជលផល។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបាន ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូន ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ ចំពោះវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុន ឯកជនវៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគ ទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅ កម្ពុជាប្រកប់ដោយគុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាម ក៏ជាទីផ្សារដ៏ធំមួយ សម្រាប់កម្ពុជានាំចេញកសិផល ដូចជាស្រូវ ដំឡូងមីស្រស់និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូ។ល។ ទាំងអស់នេះ ឯកឧត្តមបញ្ជាក់ថា បានចូលរួមចំណែកយ៉ាងធំ ធេងដល់ការអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព និងជាពិសេសបានចូលរួម បង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា។

ឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ ថ្នាក់ដឹកនាំវៀតណាមនាពេលនេះ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក៏ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការអនុញ្ញាតឲ្យមាន ការជួបពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចផ្លូវការដ៏ មានសារៈសំខាន់នាពេលនេះ។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើររវាងប្រទេស និងក្រសួងទាំងពីរ ហើយសមិទ្ធិផលដែលទទួល បានពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានបង្ហាញយ៉ាងច្បាស់លើទំហំ និងជញ្ជីងពាណិជ្ជកម្មនៃការនាំចេញ នាំចូលផលិតផលកសិកម្មនៃ ប្រទេសទាំងពីរ ដោយក្នុងរយៈពេល ១១ខែ នៃឆ្នាំ ២០២១នេះ វៀតណាមបាននាំចូលផលិតផល កសិកម្មរហូតដល់ ៣,៧៣ ពាន់លានដុល្លារអាមេរិក ហើយការនាំចេញផលិតផល កសិកម្មវៀតណាមមកកម្ពុជា បានសរុប ៣,៣២ ពាន់លានដុល្លារអាមេរិក។

សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនារសៀលនេះ ក្រសួងទាំងពីរបានលើកយក ប្រធានបទសំខាន់ៗមកពិភាក្សា ក្នុងស្មារតីបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងក្រសួងទាំងពីរមានជាអាទិ៍៖

១. ឯកសារអនុស្សារណៈនៃការយោគយល់គ្នា ទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផល រវាងប្រទេសទាំងពីរ។

២. កិច្ចសហការលើអនុវិស័យព្រៃឈើ ពោលការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់។

៣. ការងារគ្រប់គ្រងចរាចរសត្វ និងការទប់ស្គាត់ចរាចរសត្វខុសច្បាប់។ ការការពារ និងទប់ស្គាត់ជំងឺឆ្លងសត្វរវាង ប្រទេសទាំងពីរ និងការអនុវត្តចត្តាឡីស័ក សត្វតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។

៤. ពង្រឹងកិច្ចសហប្រតិបត្តិការលើការ ទប់ស្កាត់បទល្មើសជលផលឆ្លង ដែនសមុទ្រ។ ពង្រឹង និងពង្រីកកិច្ចសហការលើអនុវិស័យ ជលផលតាមរយៈគម្រោង ជំនួយឧបត្ថម្ភរបស់វៀតណាម សម្រាប់អនុវត្តក្នុងឆ្នាំ ២០២២ ដោយផ្តល់ការងារបណ្តុះបណ្តាល បច្ចេកទេសវារីវប្បកម្ម។

៥. អនុស្សារណៈនៃការយោគយល់គ្នា លើអនុវិស័យកៅស៊ូ ដើម្បីធានានិរន្តរភាព នៃអនុវិស័យនេះ។ រួមគ្នាគ្រប់គ្រង និងទប់ស្គាត់ការនាំចេញខុសច្បាប់ នៃឈើកៅស៊ូ និងជ័រកៅស៊ូដែលមិនទាន់កែច្នៃ។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ ចំណុចសំខាន់ៗខាងលើ ភាគីទាំងពីរបានឯកភាពរួមគ្នា រៀបចំកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មនៃប្រទេសទាំងពីរ ដើម្បីចុះហត្ថលេខានា ពេលឆាប់ៗខាងមុខនេះ។

 

អត្ថបទដែលជាប់ទាក់ទង