ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន សួនហ្វ៊ុក នៅកម្ពុជា

73

 

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ ដោយភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងសារៈសំខាន់ដ៏ជ្រាលជ្រៅនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារបស់ឯកឧត្តមប្រធានរដ្ឋ ង្វៀន សួនហ៊្វុក ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗទៀត ក្នុងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា-វៀតណាម ដើម្បីចូលរួមចំណែកក្នុងពង្រឹងជំនឿទុកចិត្តទៅវិញទៅមក បន្ថែមភាពស៊ីជម្រៅ សារៈសំខាន់ និងប្រសិទ្ធភាពដល់ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ និងរួមចំណែកដល់សន្តិភាពយូរអង្វែង ស្ថិរភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការអភិវឌ្ឍ ប្រកបដោយចីរភាពទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។

១.តាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តមប្រធានរដ្ឋ ង្វៀន សួនហ៊្វុក បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានអញ្ជើញជួប ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា។

ឯកឧត្តមប្រធានរដ្ឋ ង្វៀន សួនហ៊្វុក ក៏បានចូលថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គី ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញដាក់កម្រងផ្កា នៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” វិមានឯករាជ្យ និងស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម។ ឯកឧត្តមប្រធានរដ្ឋ ង្វៀន សួនហ៊្វុក ក៏បានអញ្ជើញចូលរួមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជា អំណោយពីបក្សកុម្មុយនីស្ត រដ្ឋ និងប្រជាជនវៀតណាម ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង