ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព បន្តជួយសម្រាលបន្ទុកជីវភាព រស់នៅរបស់គ្រួសារ ក្រីក្រ និងងាយរងគ្រោះ

282

 

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេចក្ដីប្រកាសព័ត៌មានស្ដីពីពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។

នាព្រឹក នៃថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១, ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព សម្រាប់ឆ្នាំ ២០២១-២០២៣» តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូ អភិវឌ្ឍន៍, សង្គមស៊ីវិល, សមាគមធុរកិច្ច និងវិស័យឯកជន ផងដែរ ។

នារយៈពេល ២ ឆ្នាំចុងក្រោយនេះ វិបត្តិនៃជំងឺកូរីដ-១៩ បានបង្កនូវផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ សុខភាពសាធារណៈ និងសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលជាមេរៀន និងបទពិសោធន៍ដ៏សំខាន់ សម្រាប់បន្ត ការដ្ឋាននៃការកែទម្រង់របស់កម្ពុជា ។ ដោយសារការបំប្លែងខ្លួនជាបន្តបន្ទាប់នៃវីរុសកូវីដ-១៩, វិបត្តិនៃជំងឺកូវីដ-១៩ ត្រូវបានរំពឹងថានឹងបន្តអូសបន្លាយ ជាមួយភាពមិនប្រាកដប្រជាខ្ពស់ ។
ទោះបីជាយ៉ាងនេះក្តី ការបើកប្រទេស ពេញលេញ និងការប្រកាសបិទបញ្ចប់នូវ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ២០២១- កាលពីពេលថ្មីៗនេះ គឺជា សក្ខីភាពដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលដ៏ពិតប្រាកដនៃកិច្ចខំប្រឹងប្រែង ជាពិសេស ការសម្រេចបាននូវកម្រិតភាពស៊ាំ សហគមន៍ក្នុងកម្រិតមួយដ៏ខ្ពស់ក្នុងរយៈពេលខ្លី តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងដ៏ជោគជ័យ របស់រាជរដ្ឋាភិបាល និងជាសញ្ញាវិជ្ជមានដ៏ត្រឹមត្រូវ សម្រាប់ត្រួសត្រាយផ្លូវដល់ការដាក់ចេញនូវយុទ្ធសាស្ត្រ, កម្មវិធី និងវិធានការ គោលនយោបាយជាក់លាក់ និងមុតស្រួច ក្នុងបេសកកម្មនៃការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ។

“ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” នេះ ត្រូវបានរៀបចំឡើង ដោយឈរលើចក្ខុវិស័យ៖ ពង្រឹងការកសាងមាគ៌ា និងជវភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំ និងការចាប់យកកាលានុវត្តភាព ទាំង ក្នុង និង ក្រៅប្រទេស ដើម្បីកែលម្អមូលដ្ឋានសេដ្ឋកិច្ចជាតិមួយ ឱ្យមានភាពប្រកួតប្រជែង និងពិពិធកម្មខ្ពស់ ព្រមទាំង លើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី ។
ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធី នេះ ត្រូវបានបែងចែកជា ២ ផ្នែក គឺ៖ ក្របខណ្ឌយុទ្ធសាស្ត្រ ដែលបានកំណត់ទិសដៅ និងយុទ្ធសាស្រ្តជាក់លាក់ទៅតាម វិស័យ ឬធាតុនីមួយៗតាមផ្នែកសំខាន់ៗ, និង កម្មវិធីគោលនយោបាយស្តារ និងជំរុញកំណើន ដែលបានដាក់ចេញជា ផែនការសកម្មភាពសម្រាប់រយៈពេលខ្លី ជាមួយនឹងវិធានការគោលនយោបាយលម្អិត និងមុតស្រួច សម្រាប់អនុវត្ត និងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធគន្លឹះៗ ក្នុងវិស័យ ឬអនុវិស័យនីមួយៗ សម្រាប់ឆ្នាំ២០២១- ២០២៣ ។

ដោយអនុលោមតាមអភិក្រមរួមទាំង ៣ ពោលគឺ ការស្តារឡើងវិញ (Recovery) ការកែទម្រង់ (Reform)និងការកសាងភាពធន់ (Resilence), ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនេះ នឹង៖ (១). បន្តអនុវត្ត វិធានការ និងកម្មវិធីអន្តរាគមន៍ផ្សេងៗដែលមានស្រាប់ ព្រមទាំងផ្ដោតជាចម្បងក្នុងការដោះស្រាយបញ្ហាប្រឈមជា រចនាសម្ព័ន្ធ នៅចំពោះមុខ ក្នុងវិស័យដែលមានសក្តានុពល និងជាចន្ទល់នៃកំណើនសេដ្ឋកិច្ច ដើម្បីបង្កើតនូវតម្ល បន្ថែមសម្រាប់រយៈពេលខ្លី និងជំរុញការស្ដា និងងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច ជាពិសេសការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងស្ថិរភាពការងារជូនកម្មករ-និយោជិត (២). បន្តធ្វើការកែទម្រង់ ដើម្បីបង្កើនពិពិធកម្ម សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុង ស្រុក និងទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ចូល មកកាន់កម្ពុជា, និង (៣). បង្កើនការយកចិត្តទុកដាក់លើកិច្ចការនៃការពង្រឹងភាពធន់របស់កម្ពុជា ទាំងផ្នែកស្ថាប័ន សាធារណៈ, សង្គម-សេដ្ឋកិច្ច និងបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍមួយ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។

តាមរយៈក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីនេះ ដើម្បីបន្តជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់គ្រួសារ ក្រីក្រ និងងាយរងគ្រោះ, រាជរដ្ឋាភិបាលនឹងបន្តអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ក្នុងរយៈពេល ៩ខែបន្តទៀត រហូតដល់ដំណាច់ខែកញ្ញា នៃឆ្នាំ ២០២២ ខាងមុខនេះ ។ លើសពីនេះ រាជរដ្ឋាភិបាលក៏នឹងបន្តផ្ដល់ការអនុគ្រោះ ផ្នែកពន្ធដូចដែលបានដាក់ចេញនៅក្នុង វិធានការអន្តរាគមន៍ទាំង ១០ កន្លងមក សម្រាប់ឆមាសទី១ នៃឆ្នាំ ២០២២ ដល់ប្រតិបត្តិករនៅក្នុងវិស័យ ទេសចរណ៍ និងវិស័យអាកាសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីផ្ដល់ការគាំទ បន្ថែមដល់ធុរជនទាំងនេះ នៅក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍រំហូរទេសចរជាតិ និងអន្តរជាតិឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានបើកជាស្ថាពរ ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ សម្រាប់ការផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអត្រាការប្រាក់ប្រកួតប្រជែង ក្នុងរង្វង់ពី ៥% ទៅ ៥,៥% សម្រាប់វិស័យសំខាន់ៗ ដូចជា កសិកម្មវិស័យអេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត ។

ការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីនេះ ប្រកបដោយផ្លែផ្កា, ជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ទាមទារ ឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយសាមគ្គីភាពខ្ពស់, ការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈការចូលរួមអនុវត្តដោយផ្ទាល់, ការផ្ដល់ការគាំទ្រ និងកិច្ចសម្របសម្រួល ព្រម ទាំងការផ្តល់នូវអនុសាសន៍ និងព័ត៌មានត្រឡប់ អំពីប្រសិទ្ធភាពនៃវិធានការ ការអនុវត្តនូវវិធានការ និងបញ្ហា ប្រឈមដែលនៅសេសសល់៕

អត្ថបទដែលជាប់ទាក់ទង