ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំការពារជាតិ កម្ពុជានិងវៀតណាម ឯកភាពគ្នាជំរុញការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចផ្លូវការ ថ្នាក់រដ្ឋមន្ត្រី ថ្នាក់អគ្គមេបញ្ជាការ ថ្នាក់មេបញ្ជាការប្រភេទទ័ព និងថ្នាក់ដឹកនាំក្រសួងប្រទេសទាំងពីរ

47

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅក្នុងកិច្ចពិភាក្សាខាងលើ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-វៀតណាម បានឯកភាពលើការងារមួយចំនួន ដូចតទៅ៖

*ទី១៖ សម្តែងការអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍៧៧ឆ្នាំ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម «២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០២១»។ បន្តជួយគាំទ្រគ្នាទៅវិញទៅមក ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កោះថ្ម ដើម្បីត្រៀមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើក៤៥ «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២» នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់កោះថ្ម X-16។

*ទី២៖ ពង្រឹងកិច្ចសហប្រតបត្តិការ តាមផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព។ ជំរុញលើកកម្ពស់ការងារអប់រំ បណ្តុះបណ្តាល ប្រយុទ្ធប្រឆាំងអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែនបង្ក្រាបការផលិត និងជួញដូរគ្រឿងញៀននៅតាមព្រំដែនប្រទេសទាំងពីរកម្ពុជា-វៀតណាម។

*ទី៣៖ ជំរុញការកសាង និងផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការលើវិស័យប្រវត្តិសាស្រ្តយោធាថែមទៀត ក្នុងនោះបំពេញបន្ថែមខ្លឹមសារមួយចំនួន នៅក្នុងប្រទេសវៀតណាម ដោយផ្តោតសំខាន់លើសមិទ្ធផល និងការលះបង់របស់កម្ពុជា ដែលបានជួយរំដោះជាតិ និងបញ្ច្រប់សង្គ្រាមទាំងស្រុងនៅប្រទេសវៀតណាម នៅខែមេសា ឆ្នាំ១៩៧៥។

*ទី៤៖ ថ្នាក់ដឹកនាំវៀតណាម ប្តេជ្ញាជួយសម្រួលដល់គណៈប្រតិភូ គ្រូបង្វឹក ក្រុមកីឡករ កីឡាការិនី សិល្បៈ នៃគណៈកម្មាធិការជាតិ CAMSOC ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣១ នៅប្រទេសវៀតណាម នៅអំឡុងខែឧសភា ឆ្នាំ២០២២ ដើម្បីកម្ពុជាមានលទ្ធភាពដកបទពិសោធន៍ធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games លើកទី៣២ ឲ្យទទួលបានជោគជ័យ។

*ទី៥៖ ថ្នាក់ដឹកនាំការពារជាតិប្រទេសទាំងពីរ បានឯកភាពគ្នាជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ ថ្នាក់រដ្ឋមន្ត្រី ថ្នាក់អគ្គមេបញ្ជាការ ថ្នាក់មេបញ្ជាការប្រភេទទ័ព និងថ្នាក់ដឹកនាំក្រសួងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក រក្សាចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការល្អគ្រប់កាលៈទេសៈ ទប់ស្កាត់មិនឲ្យកម្លាំងប្រឆាំងណាមួយមកបំបែកបំបាក់ចំណងមិត្តភាពដ៏រឹងមាំបានឡើយ និងប្តេជ្ញារួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាជនទាំងពីរ។

*ទី៦៖ នាយឧត្តមសេនីយ៍ Phan Van Giang បានប្រកាសគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។ ភាគីវៀតណាម ត្រៀមលក្ខណៈគ្រប់បែបយ៉ាងត្រៀមគាំទ្រ ចូលរួមក្នុងកិច្ចប្រជុំទាំងកម្រិតក្រុមការងារ មន្រ្តីជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តីតាមការអញ្ជើញរបស់សម្តេចពិជ័យសេនា ប្រធានកិច្ចប្រជុំ នៅឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង