ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយ លទ្ធផលនៃការវាយតម្លៃ បញ្ចប់គម្រោង ពង្រឹងសុខភាពភ្នែក ថ្នាក់ខេត្ត និងបឋម ដែលបានអនុវត្តអស់រយៈពេលបីឆ្នាំ

392

 

ព្រះសីហនុ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយមូលនិធិហ្រ្វេតហូឡូកម្ពុជា (FHF) និងកម្មវិធីជាតិសុខភាពភ្នែក(NPEH) នៃក្រសួងសុខាភិបាល ក្រសួងអប់រំ ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា និងអនុគណកម្មកម្មការសុខភាពភ្នែក បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលនៃការវាយតម្លៃបញ្ចប់គម្រោង ពង្រឹងសុខភាពភ្នែក ថ្នាក់ខេត្ត និងបឋម ដែលបានអនុវត្តអស់រយៈពេលបីឆ្នាំ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១) ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមជំនួយឧបត្ថម្ភថវិកា ពីរដ្ឋាភិបាលអូស្រ្តាលី(DFAT) តាមរយៈកម្មវិធី (ANCP)។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងពិនិត្យមើលលទ្ធផលបឋមនៃការសិក្សាវាយតម្លៃបញ្ចប់គម្រោង និងស្វែងរកអនុសាសន៍កែលម្អបន្ថែមទៀត ព្រមទាំងការធ្វើបច្ចុប្បន្នភាពស្ថានភាពសុខភាពភ្នែកនៅកម្ពុជា និងបទបង្ហាញពីសូចនករសុខភាពភ្នែក ក្នុងទិន្នន័យរបស់ព័ត៌មានសុខាភិបាល (HMIS) ជូនថ្នាក់ដឹកនាំក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ធ ជ្រាបនិងពិនិត្យលទ្ធភាពរៀបចំផែនការបន្ត លើសកម្មភាពថែទាំភ្នែកបឋមបន្តនាឆ្នាំ២០២២ និងអនាគត។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំនាងមន្ទីរសុខភិបាល និងមន្ទីរកិច្ចការនារីខេត្តគោលដៅ រួមមាន៖ ខេត្តកណ្តាល កំពង់ឆ្នាំង ព្រះសីហនុ កំពង់ធំ កំពង់ស្ពី និងព្រៃវែង, ក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងមានការចូលរួមពីអង្គការដៃគូផ្នែកសុខភាពភ្នែក និងស្ថាប័នពាក់ព័ន្ធនានាសរុបចំនួន ៦៥ រូប (ក្នុងនោះស្រី្តចំនួន ៧០% និងតំណាងជនមានពិការភាព១០%)។

សិក្ខាសាលានេះដែរ បានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ទីប្រឹក្សានៃក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ក្រសួងសុខាភិបាល និងលោកស្រី សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី។

លោកស្រីវេជ្ជបណ្ឌិត មិន សុគន្ធា អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានមតិស្វាគមន៍ ដល់គណអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកបំពេញបេសកកម្ម ព្រមទាំងបង្ហាញការគាំទ្រទាំងស្រុង ដល់គម្រោងផ្នែកសុខភាពភ្នែករបស់ដៃគូ ដែលមានបំណងមកជួយដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុ។

លោកសាស្ត្រាចារ្យ ងី ម៉េង បានធ្វើបច្ចុប្បន្នភាពស្ថានភាពសុខភាពភ្នែកនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងបទអន្តរាគមន៍ និងការសម្របសម្រួល លើការគ្រប់គ្រោងនិងបង្ការភាពពិការភ្នែកនៅកម្ពុជាបានទទួលលទ្ធផលគួរជាទីមោទន:។ លោកសាស្ត្រាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួង មន្ទីរពាក់ព័ន្ធ ម្ចាស់ជំនួយ និងក្រុមការងារអនុគណកម្មការសុខភាពភ្នែក ដែលបានជួយគាំទ្រ ទាំងថវិកានិងបច្ចេកទេស ក្នុងការទប់ស្កាត់ភាពពិការភ្នែកនៅកម្ពុជាកន្លងមក និងស្នើបន្តគាំទ្រនាពេលអនាគត។

លោកស្រី សាន្ត អរុណ ក៏បានផ្តល់អនុសាសន៍ដ៏មានអត្ថន័យ និងខ្លឹមសារ លើវឌ្ឍនភាពសុខភាពភ្នែក និងឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ថា ក្រសួងកិច្ចការនារីបានរួមចំណែកធំធេង និងផ្តល់បទអន្តរាគមន៍លើកិច្ចការសុខភាពភ្នែកយ៉ាងសកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងនាមតំណាងអោយក្រសួងកិច្ចការនារី លោកស្រីបានស្វាគមន៍ គាំទ្រពេញទំហឹង និងផ្តល់កិច្ចសហការល្អដល់គ្រប់ដៃគូ និងស្ថាប័នពាក់ព័ន្ធ ដែលអាចជំរុញដល់ការងារសុខភាពភ្នែកកាន់តែប្រសើរ។

លោក បាក់ តូក្យូ នាយកមូលនិធិហ្រ្វេតហូឡូកម្ពុជា បានរាយការណ៍ជូនអង្គសិក្ខាសាលាពីសមិទ្ធិផលរួមរបស់អង្គការ ក្នុងការគាំទ្រ ដល់ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកចក្ខុសាស្ត្រ សេវាសុខភាពភ្នែក ប្រព័ន្ធព័ត៌មានសុខភាពភ្នែក និងអភិបាលកិច្ចសុខភាពភ្នែក។ ជាងនេះទៅទៀត លោកបានជម្រាបជូនអង្គសិក្ខាជ្រាប ពីទិសដៅបន្ត គម្រោងថ្មីៗ និងសកម្មភាពជាអាទិភាព ដោយនឹងត្រូវអនុវត្ត រយៈពេល៤ឆ្នាំ មានថវិកាប្រមាណ៦លានដុល្លាអាមេរិក និងបានស្នើសុំការជួយគាំទ្រ សហការពីថ្នាក់ដឹកនាំ និងអ្នកប្រតិបត្តិទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូនានា។

គម្រោងពង្រឹងសុខភាពភ្នែកថ្នាក់ខេត្ត និងបឋមនេះ មានគោលបំណងកាត់បន្ថយភាពពិការភ្នែក ដែលអាចជៀសវាងបាននៅកម្ពុជា និងមានគោលដៅ បញ្ជ្រាបការអនុវត្តកម្មវិធីសុខភាពភ្នែក ទៅក្នុងកម្មវិធីសុខភាពបឋម របស់ក្រសួងសុខាភិបាល។

គម្រោងនេះក៏បានជួយពង្រឹងសមត្ថភាពដល់មន្ត្រីរបស់មន្ទីរសុខាភិបាល និងមណ្ឌលសុខភាពចំនួន ៥៤៤នាក់ (ស្រ្តី ២៣៩នាក់) មកពីមណ្ឌលសុខភាពចំនួន១៥៧ ក្នុងខេត្តគោលដៅទាំងបីគឺ ខេត្តកំពង់ឆ្នាំង កណ្តាល និងព្រះសីហនុ ទាក់ទងនឹងកម្មវិធីសុខាភាពភ្នែកបឋម។ ទន្ទឹមនឹងនេះ គម្រោងនេះបានផ្តល់ការអប់រំដល់ក្រុមគោលដៅសហគមន៍ រួមមានក្រុមប្រឹក្សាកុមារ និងនារីឃុំ ស្តីអំពីយេនឌ័រ និងសុខភាពភ្នែកបានចំនួន ៤៧៧នាក់ (ស្រ្តី ២៧៨នាក់ អ្នកមានពិការភាពចំនួន៨នាក់)។ ប្រជាពលរដ្ឋចំនួន ២៥,៦៥៥នាក់ (ស្ត្រីមានចំនួន ១៧,២១៥នាក់ និងអ្នកពិការភាពមានសរុប ១១៥នាក់) បានចូលរួមក្នុងវគ្គអប់រំនៅសហគមន៍សំដៅលើកកម្ពស់ការយល់ដឹងស្តីពីសេវាសុខភាពភ្នែក យេនឌ័រ និងបញ្ហាពិការ ភាព។

តាមរយៈប្រព័ន្ធព័ត៌មានសុខាភិបាល មានប្រជាពលរដ្ឋចំនួន ៣៨,៣១៨នាក់ (ស្ត្រី ២២,៣៧៧នាក់) ទទួលបានសេវាពិនិត្យ និងស្វែងរកការព្យាបាលដោយផ្ទាល់នៅតាមសហគមន៍។ ប្រជាពលរដ្ឋចំនួន ១,០៩៣នាក់ (ស្ត្រី ៦៤៨នាក់) បានទទួលការវះកាត់និងព្យាបាលបាយភ្នែក និងប្រជាពលរដ្ឋចំនួន ៣៧៧នាក់ (ស្ត្រី ២៣៤នាក់) បានទទួលការព្យាបាលវះកាត់ជំងឺភ្នែកផ្សេងៗទៀត តាមរយៈកម្មវិធី ប្រារព្ធទិវាសុខភាពភ្នែកពិភពលោក និងទិវាស្រ្តីអន្តរជាតិ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅតាមកម្មវិធីគ្រោងទុក និងបានបង្ហាញនូវសកម្មភាពសំខាន់ៗមួយចំនួនរួមមាន៖ ទី១៖ បទបង្ហាញស្តីពីលទ្ធផលនៃការវាយតម្លៃបញ្ចប់គម្រោង និងការផ្តល់អនុសាសន៍កែលម្អបន្ថែម ទី២៖ ការធ្វើបច្ចុប្បនភាពនៃសូចនករសុខភាពភ្នែក ក្នុងទិន្នន័យរបស់ប្រព័ន្ធព័ត៌មានសុខាភិបាល (HMIS) ទី៣៖ កិច្ចពិភាក្សារបស់អនុគណកម្មការសុខភាពភ្នែក ស្តីពីវឌ្ឍនភាពការងារសុខភាពភ្នែកនៅកម្ពុជា និងការលើកទិសដៅជាយុទ្ធសាស្ត្របន្តនៅឆ្នាំ២០២២ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង