ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជអាជ្ញា ចោទប្រកាន់មេចោរប្លន់ William Guang និងបក្ខពួក ករណីប្លន់ នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី

47

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការសួរនាំរួចហើយ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ ជាផ្លូវការលើជនត្រូវចោទ William Guang និងបក្ខពួករបស់ខ្លួន ពាក់ព័ន្ធករណីប្លន់ នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ហើយនៅថ្ងៃស្អែក គឺជាដំណាក់កាល របស់ចៅក្រមស៉ើបសួរ និងការសម្រេចអំពី ការឃុំខ្លួនដោយចៅក្រមស៉ើបសួរ។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សំណុំរឿងខាងលេី ត្រូវបានតំណាងអយ្យការ​បេីកការស៉ើបសួរពីបទ លួចមានស្ថានទម្ងន់ទោស បទសមគំនិត ក្នុងអំពេីលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តទៀតថា នៅថ្ងៃស្អែក ជាដំណាក់កាល របស់ចៅក្រមស៉ើបសួរ ដូច្នេះជនត្រូវចោទទាំងអស់ នឹងត្រូវបានស្តាប់ចម្លេីយ បន្ទាប់មកនឹងមានការសម្រេច អំពីការឃុំខ្លួនដោយចៅក្រមស៉ើបសួរ។

សូមបញ្ជាក់ថា ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោង១០៖៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រ ទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន។

តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេក្លោង និងជាអ្នករៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង មូលហេតុដែលនាំឲ្យខ្លួន សម្រេចចិត្តប្លន់គឺដោយសារ៖

*ទី១៖ សព្វថ្ងៃខ្លួនខ្វះខាតលុយ កាក់ទ្រទ្រង់ជីវភាព និងបក្ខពួក ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រម្លស់មិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួនរស់នៅ គឺជួលក្នុងតម្លៃ២៥០០ដុល្លារក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេ ជុំទិសទៀតផង។

*ទី២៖ ខ្លួនមានទស្សនអ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះក៏កើតចិត្តចង់ព្រមាន ដល់អ្នកមានមួយចំនួន ដែលមានចរិតបែបនេះ។

ឈ្មោះ William Guang បានសារភាពបន្តថា កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន២លើក៖

*ទី១៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ម្ចាស់ បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិន បាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំ ក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ៥នាក់ អាវុធវែង១ដើម អាវុធខ្លី២ដើម និងក្លែងឯកសណ្ឋាន សមត្ថកិច្ចចុះទៅធ្វើសកម្មភាព។

*ទី២៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាពប្លន់ យកទ្រព្យសម្បត្តិនៅ ផ្ទះអ្នកលក់ឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេច ដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្ស បានចំនួន១២នាក់ អាវុធវែងខ្លីចំនួន៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើន ឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញ អាវុធ១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ៦ដើម៕

អត្ថបទដែលជាប់ទាក់ទង