ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីវេង សាខុន បំពេញបេសកកម្មនៅ ខេត្តមណ្ឌលគិរី ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពផលិតកម្មបន្លែ

65

 

ខេត្តមណ្ឌលគិរី ៖ នាព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ ឆ្លៀតយកពេលឈប់សម្រាកចុងសប្តាហ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការីមួយចំនួនទៀត បានអញ្ជើញមកបំពេញបេសកកម្មនៅ ខេត្តមណ្ឌលគិរីដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពផលិតកម្មបន្លែ ដែលមានកម្មវិធីជាបន្តបន្ទាប់ដូចខាងក្រោម ៖

កម្មវិធីទី១ ៖
អញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែ និងអាជីវកម្មលក់គ្រឿងយន្តកសិកម្ម របស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ដែលសហការជាមួយក្រុមហ៊ុន Fukada Machinery Co., Ltd។ កសិដ្ឋាននេះមានទីតាំងនៅ ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លើផ្ទៃដីជាង ៣,៥០ហត ហើយបច្ចុប្បន្នកំពុងសាងសង់ ផ្ទះសំណាញ់បាន ២១ផ្ទះ និងរោងបណ្តុះកូន ០១ នឹងចាប់ផ្តើមដាំក្នុងពេលឆាប់ៗខាងមុខនេះ។ កសិដ្ឋានគ្រោងរៀបចំជាកន្លែង បណ្តុះបណ្តាលបច្ចេកទេសដាំបន្លែ តាំងបង្ហាញផលិតផល និងវេចខ្ចប់ ផ្សារលក់បន្លែ និងផ្លែឈើ។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញទស្សន:គាំទ្រ និងកោតសរសើរចំពោះឆន្ទ:មោះមុត របស់ក្រុមហ៊ុន ក្នុងការអនុវត្ត MOU ដែលបានចុះហត្ថលេខា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលកន្លងមក ក្នុងគោលបំណងជំរុញ ផលិតកម្មបន្លែនៅកម្ពុជាជារួម និងដោយឡែកនៅក្នុង ខេត្តមណ្ឌលគិរីដែលជាតំបន់ មានសក្តានុពលលើផលិតកម្មបន្លែ ដែលតំបន់ផ្សេងៗពិបាកផលិត មានដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង។ ឆ្លៀតយក ឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជូនមតិឲ្យក្រុមហ៊ុនពិចារណា ៖ ទី១- ចំពោះគ្រឿងចក្រ ហាក់មានតម្លៃខ្ពស់ សម្រាប់ប្រជាកសិករជាវយកទៅប្រើ ក្រុមហ៊ុនគួរពិនិត្យលទ្ធភាពនាំចូលគ្រឿងចក្រ ដែលប្រើរួចហើយ អាចមានតម្លៃសមរម្យ។ ទី២- ជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន ប្រើប្រព័ន្ធឌីជីថលក្នុងផលិតកម្មបន្លែ ធ្វើយ៉ាងនេះអាចគ្រប់គ្រង បានខ្សែច្រវាក់ផលិតកម្ម បរិមាណផ្គត់ផ្គង់ គុណភាពផលិតផល សារធាតុចំណីអាហារដែលបន្លែត្រូវការ បរិមាណទឹក និងជាពិសេសគឺឆ្លើយតប តាមស្តង់ដារនាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ ទី៣- ជួយផ្សព្វផ្សាយ ឬបណ្តុះបណ្តាលបច្ចេកទេស ដល់កសិករ និងដៃគូផលិតបន្ថែមទៀត ដើម្បីឲ្យពួកគាត់យកបច្ចេកទេសនេះ ទៅអនុវត្តនៅចំការ ឬកសិដ្ឋានរបស់ខ្លួន សំដៅរួមគ្នាផលិតបន្លែ ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព។ ទី៤- ក្រុមហ៊ុនគួរតែចងក្រងបណ្តុំផលិត ទៅតាមប្រភេទបន្លែ ធ្វើនេះដើម្បីជួយរកទីផ្សារ ធានាតម្លៃ និងរក្សានិរន្តរភាពផលិតកម្ម។

កម្មវិធីទី២ ៖
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យកសិដ្ឋានបន្លែ របស់លោក គ្រី ម៉េងឈៀង នៅចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ បច្ចុប្បន្ន កសិដ្ឋានបានដាំស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ខាត់ណាផ្កា ឆៃថាវ ដំឡូងបារាំង និងខ្ទឹមស។ ដាំក្នុងផ្ទះសំណាញ់ និងដាំនៅទីវាល ដោយសហការជាមួយក្រុមហ៊ុន TropicCam Friut and Vegetable Co., Ltd ក្នុងការផ្គត់ផ្គង់បន្លែឲ្យទីផ្សារនៅរាជធានីភ្នំពេញ។

កម្មវិធីទី៣ ៖
ចេញពីកសិដ្ឋានលោក គ្រី ម៉េងឈៀង ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរ មកចំការបន្លែរបស់លោក ពូ ភិន ថន ភូមិដោះក្រមុំ សង្កាត់សុខដុម្យ ក្រុងសែនមនោរម្យ។ ចំការមានដាំស្ពៃក្តោប និងស្ពៃ ក្រញាញ់ ដោយចុះកុងត្រាប្រមូលទិញ ជាមួយក្រុមហ៊ុន មាស បៃតង។

សរុបលទ្ធផលសម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចាប់អារម្មណ៍ថា ៖ សម្រាប់កម្មវិធីទី១ ក្រុមហ៊ុនបានត្រៀមលក្ខណរួចរាល់ ដើម្បីអនុវត្តបច្ចេកទេស លើផលិតកម្មបន្លែ ដែលនឹងផ្តល់ឱកាសឲ្យអ្នកផលិត ក្នុងតំបន់នេះធ្វើការសិក្សា រៀនសូត្រ និងយកទៅអនុវត្តក្នុងចំការផ្ទាល់ខ្លួន ដើម្បីបង្កើនផលិតកម្មបន្លែ ធានានិរន្តរភាពផ្គត់ផ្គង់ និងតម្លៃ។ ជាងនេះទៅទៀត នេះជាការចាប់ ផ្តើមផ្សព្វផ្សាយ បច្ចេកវិទ្យាកសិកម្មឌីជីថល ធានាបានគុណភាព សុវត្ថិភាព និងរក្សាបាននូវកំណើនផលិតកម្ម។ ដោយឡែក កម្មវិធីទី២ និងទី៣ វិញ ឃើញថាកសិករបានយល់ពីអត្ថប្រយោជន៍ នៃការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា និងការប្រើប្រាស់គ្រឿងចក្រ ជំនួសឲ្យពលកម្មមនុស្ស ចំណេញពេល និងធានាបាននូវប្រសិទ្ធភាពការងារ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រិន ក៏ដូចជាកសិករផ្សេងទៀតឲ្យគិតគូ យកចិត្តទុកដាក់ លើការអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវល្អ ការប្រើជី និងថ្នាំស.ម្លាប់សត្វល្អិតចង្រៃ ឲ្យបានសមស្រប តាមការណែនាំរបស់មន្រ្តីជំនាញ និងការប្រើប្រព័ន្ធដំណក់ ទឹក។ល។ ដោយឡែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត សហការជាមួយ នាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុន សិក្សាពីលទ្ធភាពផលិត និងផ្គត់ផ្គង់ពូជបន្លែក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពូជ៕

អត្ថបទដែលជាប់ទាក់ទង