ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីភ្នាក់ងារអវកាស NASA បាញ់បង្ហោះកែវយឺត អវកាសជំនាន់ថ្មីបំផុត ដោយជោគជ័យ ក្រោយការពន្យារ ពេលជាច្រើនឆ្នាំ

88

វ៉ាស៉ីនតោន៖ កែវយឺតអវកាសជំនាន់ថ្មីបំផុតគឺ James Webb Space Telescope របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានបាញ់បង្ហោះឡើង ទៅកាន់ទីអវកាសដោយ ជោគជ័យហើយ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្រោយឆ្លងកាត់ការពន្យារពេល អស់ជាច្រើនឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។

កែវយឺតអវកាស James Webb ត្រូវបានបញ្ជូនឡើងទៅកាន់លំហអវកាស តាមរយៈគ្រាប់រ៉ុក្កែត Ariane 5 របស់អឺរ៉ុប កាលពីវេលាម៉ោង ០៧៖២៩នាទីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅតំបន់ ភាគខាងកើតសហរដ្ឋអាមេរិក) ចេញពីមូលដ្ឋាន បង្ហោះយានអវកាសរបស់ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលស្ថិតនៅភាគខាងជើង នៃទ្វីបអាមេរិកខាងត្បូង។

ដោយត្រូវធ្វើដំណើរឆ្លងកាត់ទីអវកាសរយៈពេល២សប្តាហ៍ទៀត កែវយឺតអវកាស James Webb នឹងទៅដល់គោលដៅរបស់វា នៅក្នុងគន្លងគោចរជុំវិញព្រះអាទិត្យ ដែលស្ថិតនៅចម្ងាយ ប្រហែល១.៥លានគីឡូម៉ែត្រពីភពយើង ពោលគឺឆ្ងាយជាងគម្លាតរវាងផែនដី និងព្រះចន្ទប្រមាណ៤ដង។

ធៀបជាមួយកែវយឺតអវកាសជំនាន់មុនគឺ Hubble Space Telescope កែវយឺត James Webb មានសមត្ថភាពខ្ពស់ ជាងឆ្ងាយ ដែលត្រូវគេរំពឹងថា នឹងជួយបង្កើនការយល់ដឹង របស់អ្នកវិទ្យាសាស្រ្ត បានកាន់តែច្រើនថែមទៀត អំពីចក្រវាឡ។ កែវយឺតអវកាសថ្មីនេះ នឹងចាប់ផ្តើមធ្វើប្រតិបត្តិការ នៅខ្ទង់ពាក់កណ្តាលឆ្នាំ២០២២ ក្រោយវាចំណាយពេលធ្វើការ សម្របសម្រួលឧបករណ៍ផ្សេងៗ ហើយរួចរាល់។

គួរបញ្ជាក់ថា កែវយឺតអវកាស James Webb ត្រូវបានអភិវឌ្ឍឡើង ដោយប្រើថវិកា៨.៨ពាន់លានដុល្លារ ប៉ុន្តែបើបូកការចំណាយ សម្រាប់ការធ្វើប្រតិបត្តិការ របស់វាថែមទៀត នោះនឹងកើនដល់ ប្រហែល៩.៦៦ពាន់លានដុល្លារ ដែលខ្ពស់ជាង ការគ្រោងទុកឆ្ងាយណាស់ នៅពេលដែលអង្គការ NASA បានដាក់គោលដៅថា នឹងបាញ់បង្ហោះ វានៅឆ្នាំ២០១១។ កែវយឺតអវកាសនេះ ត្រូវបានរចនាឡើង ដើម្បីឲ្យអាចធ្វើប្រតិបត្តិការ បានយ៉ាងហោច ១០ឆ្នាំ៕

decollage en ZL3, le 25-092018

អត្ថបទដែលជាប់ទាក់ទង