ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ រៀបចំយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ នៅថ្នាក់មូលដ្ឋាន សម្រាប់ឆ្នាំ២០២២

67

 

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានរៀបចំផែនការ និងទិសដៅបន្តពាក់ព័ន្ធការ រៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្នាក់មូលដ្ឋានសម្រាប់ឆ្នាំ២០២២។ នេះបើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ។

បើតាមលោក ជិន ម៉ាលីន បានឱ្យដឹងថា យន្តការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន សម្រាប់ឆ្នាំ២០២២ រួមមាន៖

១៖ ក្រសួងយុត្តិធម៌ នឹងធ្វើការផ្សព្វផ្សាយរួមគ្នាជាមួយសហភាពអឺរ៉ុប នៅកម្ពុជា នូវឯកសារទស្សនទានស្តីអំពី ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្មនៅ ថ្នាក់មូលដ្ឋាន ជាភាសារខ្មែរ និងអង់គ្លេស ដែលជាឯកសារសិក្សាស្រាវជ្រាវ មានលក្ខណៈវិទ្យាសាស្រ្ត បង្ហាញអំពីទម្រង់ យន្តការ និងវិធីសាស្រ្តនៃការដោះស្រាយ វិវាទតាមរយៈសន្ធានកម្មនៅកម្ពុជា។

២៖ ក្រសួងយុត្តិធម៌ នឹងធ្វើការផ្សព្វផ្សាយរួមគ្នា ជាមួយក្រសួងកិច្ចការនារី នូវឯកសារស្តីពីគោលការណ៍ណែនាំ អំពីវិធីសាស្រ្តសម្រុះសម្រួល វិវាទគ្រួសារឆ្លើយតបទៅនឹងយែនឌ័រ សម្រាប់មន្រ្តីអនុវត្តការសម្រុះសម្រួល វិវាទនេះនៅថ្នាក់មូលដ្ឋាន។

៣៖ ក្រសួងយុត្តិធម៌ ក៏នឹងធ្វើការផ្សព្វផ្សាយផងដែរ នូវឯកសារស្តីអំពី គោលការណ៍ណែនាំ គោលការណ៍ប្រតិបត្តិ ក្រមសីលធម៌ និងវិធីសាស្រ្តនៃការបង្រៀន ពាក់ព័ន្ធការសម្រុះសម្រួលវិវាទ ដល់មន្រ្តីអនុវត្តនៅ ថ្នាក់មូលដ្ឋាន។

៤៖ ក្រសួងយុត្តិធម៌ ដោយសហការ ជាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា បន្តបេសកកម្មនៃការ បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងជំនាញនៃការសម្រុះសម្រួលវិវាទ ដល់មន្រ្តីដែលអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋាន។

៥៖ ជាទិសដៅបន្ត បន្ទាប់ពីការផ្សព្វផ្សាយឯកសារ ទស្សនទានស្តីអំពីការរៀបចំ យន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា តាមរយៈសន្ធានកម្មនៅ ថ្នាក់មូលដ្ឋាននេះ ក្រសួងនឹងរៀបចំឱ្យមាន ជាគោលនយោបាយថ្នាក់ជាតិមួយ អំពីយន្តការនេះ និងបន្ទាប់មកនឹងរៀបចំឱ្យ ទៅជាច្បាប់ស្តីពីការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជាជារួមតែម្តង៕

អត្ថបទដែលជាប់ទាក់ទង