ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ រាជរដ្ឋាភិបាលថ្មី តែសមាសភាពចាស់ ក៏ព្រោះតែរកបានកៅអីរដ្ឋសភាទាំងអស់ ១២៥!

249


ភ្នំពេញ៖សមាសភាពរាជរដ្ឋាភិបាល អាណត្តិថ្មី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភា ប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជាឯកច្ឆន្ទ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ ជារាជរដ្ឋាភិបាលថ្មី តែមានសមាសភាពចាស់ ដែលធ្លាប់ជាអេគីប រកបានកៅអីរដ្ឋសភាទាំងអស់ ទាំង ១២៥ អាសនៈ នៅរដ្ឋសភា នីតិកាលទី៦ តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
គណៈរដ្ឋមន្ត្រីថ្មី ត្រូវបានកាត់បន្ថយសមាសភាពពីជាង ២០០ រូប កាលពីអាណត្តិមុន មកនៅត្រឹមតែ ៥៧ រូប ក្នុងអាណត្តិថ្មី ដែលរាជរដ្ឋាភិបាលថ្មីនេះ មាននាយករដ្ឋមន្ត្រី ០១រូប ឧបនាយករដ្ឋមន្ត្រី ១០រូប ទេសរដ្ឋមន្ត្រី ១៧រូប និងរដ្ឋមន្ត្រី ២៩រូបប៉ុណ្ណោះ។ ចំណែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ១៩រូប និងរដ្ឋលេខាធិការប្រមាណ ២០០នាក់ផ្សេងទៀត មិនត្រូវបានរាប់បញ្ចូលក្នុងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មីនេះឡើយ។
រដ្ឋមន្ត្រីតាមក្រសួងទាំង ២៨ ក្នុងអាណត្តិទី៦ ចាប់ពីឆ្នាំ២០១៨-២០២៣ ក៏ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តរក្សាទុកសមាសភាពចាស់ កាលពីអាណត្តិមុន ឲ្យនៅដដែល។ ពោលគឺរដ្ឋមន្ត្រីទាំង ២៨ ក្រសួង នៅដដែល ហើយថែមទាំងបានដំឡើងឋានៈលោក ម៉ៅ ហាវណ្ណាល់ ពីរដ្ឋលេធិការ ទៅជារដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងអាណត្តិថ្មីនេះ។
ជាការពិត ចាស់ពិតជាមានបទពិសោធន៍ ដឹងជ្រៅរាក់ ស្គាល់ច្បាស់កិច្ចការងារទាំងឡាយ ជាពិសេសអេគីបចាស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នេះហើយ ដែលសុទ្ធតែជាអ្នកយល់ចិត្ត យល់ថ្លើមគ្នា។ ពោលគឺរដ្ឋមន្ត្រីស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកធ្វើការ និងតស៊ូជាមួយសម្តេច ចាប់តាំងពីផ្តួលរំលំរបបខ្មែរក្រហម ហើយរួមគ្នាកសាង ដឹកនាំ អភិវឌ្ឍប្រទេសកម្ពុជា ពីបាតដៃទទេ រហូតដល់សម័យទំនើបនេះ។
ដោយឡែក សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចឈាមថ្មីនោះទេ។ បញ្ញាវ័ន្តវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានដាក់បញ្ចូលរួចហើយ ជាតំណាងរាស្ត្រ ជារដ្ឋមន្ត្រី ព្រមទាំងរដ្ឋលេខាធិការតាមក្រសួងស្ថាប័ននានា ចាប់តាំងពីអាណត្តិមុន នៅឆ្នាំ២០១៣ មកម្លេះ ដែលក្នុងនោះ រួមមាន៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាដើម។ ក្រៅពីនោះ នៅមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ជំនួយការ ព្រមទាំងទីប្រឹក្សាវ័យក្មេងជាច្រើនរូបផ្សេងទៀត។
នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៦នេះ សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចបញ្ចូលឈាមថ្មី នៅតាមក្រសួងស្ថាប័នរាជរដ្ឋាភិបាលនោះទេ។ នោះគឺជំនួយការ ទីប្រឹក្សា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលសរុបទៅ មិនតិចជាង ៣០០ ទៅ ៤០០ រូបនោះទេ។ ជំនួយការ ទីប្រឹក្សា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំងនោះ គឺជាសេនាធិការ ជួយការងារនៅតាមក្រសួងស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជា ជួយដល់ការងាររបស់នាយករដ្ឋមន្ត្រីផងដែរ។
មួយវិញទៀត អេគីបចាស់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសមាសភាពរាជរដ្ឋាភិបាល អាណត្តិទី៥ ដែលត្រូវបានសម្តេច ជ្រើសយកមកបន្តជារដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៦ ទៀតនេះ ក៏ដោយសារតែរដ្ឋមន្ត្រីតាមក្រសួងទាំង ២៨ របស់រាជរដ្ឋាភិបាល ត្រូវបានសម្តេចមើលឃើញថា ធ្វើការចុះសម្រុង និងអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោត រហូតដល់ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោត ដោយទទួលបានអាសនៈទាំងអស់ ទាំង ១២៥ អាសនៈ នៅរដ្ឋសភា នីតិកាលទី៦ តាមរយៈការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ដូច្នេះនៅក្នុងអាណត្តិថ្មី ចាប់ពីឆ្នាំ២០១៨-២០២៣ រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ត្រូវបន្តការងារ និងអនុវត្តឲ្យខានតែបានតាមការប្តេជ្ញា និងការសន្យារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នូវការធានា ៤ យ៉ាង របស់រាជរដ្ឋាភិបាល អាណត្តិថ្មី ជូនបងប្អូនជនរួមជាតិទាំងអស់។
ការធានាទាំង ៤ យ៉ាងរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាស ក្នុងអង្គប្រជុំរដ្ឋសភា រួមមាន៖ ១-ការធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិឃុំ។ ២-ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពទៅលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងការបង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ។ ៣-ការបន្តធានាជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលការងារធ្វើ ការជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយតម្លៃសមរម្យ ការបន្តដំឡើងប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការពារអាជីពជូនកម្មករ និយោជិត ការបន្តដំឡើងបៀវត្សរ៍ និងប្រាក់សោធននិវត្តជូនមន្ត្រីសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន ការពង្រីកបណ្តាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី ក៏ដូចជាការខិតខំបញ្ចុះថ្លៃទឹកស្អាត ពិសេសនៅតំបន់ជនបទ។ល។ និងទី៤-ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត តាមរយៈការអភិវឌ្ឍន៍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចិរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ពិសេសអ្នកក្រីក្រ និងក្រុមជនងាយរងគ្រោះពីហានិភ័យនានា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ទទួលរងគ្រោះ ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។
សរុបមក ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបន្តរក្សា “អេគីបចាស់” ជាសមាសភាពរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី ក៏ដោយសារតែលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រជាជនកម្ពុជា បានបោះឆ្នោតផ្តាច់មុខ ផ្តល់សេចក្តីទុកចិត្តតែលើគណបក្សប្រជាជនកម្ពុជា ហើយម្យ៉ាងទៀត ក៏ដោយសារតែសមាសភាពរាជរដ្ឋាភិបាល អាណត្តិមុន ដឹកនាំប្រទេស រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមទាំងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានតាមតម្រូវការនេះហើយ ទើបសម្តេចតេជោ បន្តរក្សាទុករដ្ឋមន្ត្រីដដែល ដើម្បីជួយការងារសម្តេច ក្នុងការបន្តដឹកនាំប្រទេស រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងអាណត្តិថ្មី រយៈពេល ៥ឆ្នាំ តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង