ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាលី នៅល្ងាចនេះ

57

 

ភ្នំពេញ ៖ នៅល្ងាចថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣លានដូស ដែលជាជំនួយ របស់ប្រទេសអូស្ត្រាលី។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានក្នុងស្រុកថា វ៉ាក់សាំងដែលដឹកមកដល់ ប្រទេសកម្ពុជានៅល្ងាចថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។

កម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសនានា លើពិភពលោក ដែលរងការរាតត្បាតយ៉ាងខ្លាំងក្លាពីជំងឺកូវីដ១៩ ជាពិសេសក្រោយ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺជាសមរភូមិសង្គ្រាមមួយ ដ៏លំបាក ព្រោះថាជំងឺកូវីដ១៩ ជាសត្រូវដែលគ្មានស្រមោល។

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រ មុតស្រួចបន្តបន្ទាប់ជាច្រើន ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតនេះ។ ការរកវ៉ាក់សាំងឱ្យបានលឿន ហើយចាក់ជូន ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស គឺជាយុទ្ធសាស្ត្រដ៏ចាំបាច់បំផុត។

ឈរលើយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកវ៉ាក់សាំងគ្រប់ច្រកល្ហកទាំងយន្តការទ្វេភាគី និងពហុភាគីជាមួយប្រទេសជាមិត្ត និងអង្គការផ្នែកសុខមាលភាព ដូចជាអង្គការសុខភាពពិភពលោកជាដើម។ រហូតមកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤១លានដូស។ វ៉ាក់សាំងនេះ កម្ពុជា បានចំណាយថវិការហូតដល់ទៅ២០០លានដុល្លារក្នុងការទិញ ហើយក្រៅពីនោះក៏ទទួលបានជំនួយពីប្រទេសជាមិត្ត និងតាមរយៈជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់។

ជាមួយនឹងការទទួលបានវ៉ាក់សាំងដ៏លឿនរហ័សនេះ កម្ពុជា ក៏បានជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងល្បឿនរហ័សផងដែរ។ មកដល់ពេលបច្ចុប្បន្នកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ១៤លាននាក់។ ក្នុងនោះអ្នកចាក់បានពីរដូសមានជាង ១៣.៦លាននាក់ ហើយអ្នកចាក់ដូសទី៣ ឬដូសជំរុញ បានជាង ៣.៣លាននាក់។

តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿនរហ័សនេះ ធ្វើសង្គមកម្ពុជាបង្កើតបានភាពសុាំ បូករួមនឹងការបន្តប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខាភិបាលផងនោះ កម្ពុជា កាត់បន្ថយបានការឆ្លងរាតត្បាតមេរោគប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទីបំផុតសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅនេះ ក្រោយប្រឹងប្រែងប្រយុទ្ធអស់រយៈពេល១០ខែ។

សម្តេចតេជោ ហ៊ុន សែន បាត់ចាត់ទុកការបិទបញ្ចប់ព្រឹត្តិការសហគមន៍២០កុម្ភៈ គឺជាជោគជ័យដ៏ធំធេងមួយរបស់កម្ពុជា លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សម្រាប់សម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរ។

សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត មានចិន ជប៉ុន អង់គ្លេស អាមេរិក ហូឡង់ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ដើម្បីជាចំណែកទប់ស្កាត់នឹងការរាតត្បាតជំងឺកូវីដ១៩នេះ។

ការចាក់វ៉ាក់សាំងបានលឿន ការយកឈ្នះលើជំងឺកូវីដ១៩ និងឈានទៅបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា បានធ្វើឱ្យមានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ ចាត់ចែងរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់អង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត។

លោកស្រី លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ធ្លាប់បានលើកសរសើរពីការសម្រេចចិត្តមួយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជាទិញ និងធ្វើឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ លោកស្រី ក៏បានសរសើរដល់ពលរដ្ឋកម្ពុជា ដែលមានស្មារតីខ្ពស់ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសស្មារតីទៅទទួលវ៉ាក់សាំងតាមការកំណត់របស់រាជរដ្ឋាភិបាល។

ប្រធានអង្គការ UNICEF ប្រចាំនៅកម្ពុជា លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត ក៏ធ្លាប់បានថ្លែងកោតសរសើរលើជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។ លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះ «ឃើញថារាជរដ្ឋាភិបាលបានដឹកនាំ ជាមួយកិច្ចប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ គឺមានលក្ខណៈគួរឱ្យកោតសរសើរមែនទែន។ រាជរដ្ឋាភិបាលកម្ពុជា គឺស្ថិតនៅក្នុងកម្រិតមួយខ្ពស់ ក្នុងចំណោមប្រទេសដែលធ្វើបែបនេះបាន ដោយបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋជូនប្រជាពលរដ្ឋគោលដៅ ដោយប្រើពេលត្រឹម៨ខែ»៕

អត្ថបទដែលជាប់ទាក់ទង