ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ៖ ទោះបីជាពិភពលោក កំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជា មិនមានការបារម្ភដែរ

272

 

ភ្នំពេញ ៖ សម្តេចតេជោ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំមានការភិតភ័យ ជាមួយមេរោគបំប្លែងថ្មីអូមីក្រុង សម្តេចបានបន្តថា ទោះបីជាពិភពលោក កំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ។

នៅរាត្រី ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំង Pfizer ចំនួន៧៨៣,០០០ដូស ដែលជាជំនួយ របស់រដ្ឋាភិបាលអូស្រ្តាលី (ជំនួយសរុប ប្រមាណជាង ២.៣៥លានដូស) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានផ្តល់ជំនួយ វ៉ាក់សាំងដល់ប្រទេសកម្ពុជា នាពេលនេះ។ សម្តេចតេជោ បានលើកឡើងថា វ៉ាក់សាំងដែលដឹក មកដល់ប្រទេសកម្ពុជា នៅរាត្រីថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។

សម្តេចតេជោ បានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។ សម្តេចបានបន្តថា ទោះបីជាពិភពលោក កំពុងមានវត្តមាន មេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជា មិនមានការបារម្ភដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យកីឡាករការ៉ាត់តេដូ ២រូប ដែលទើបមកពីប្រកួត នៅប្រទេសកាហ្សាក់ស្តង់ អាចប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលព្យាបាលកូវីដ-១៩ ខណៈដែលពួកគេ ត្រូវប្រឡងបាក់ឌុប នៅមណ្ឌលបាក់ទូក ។ ដូច្នេះសម្តេចបានអំពាវនាវ ឲ្យសិស្សនៅមណ្ឌលបាក់ទូក កុំមានការភ័យខ្លាច ព្រោះខាងក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាល បានរៀបចំពួកគេ ឲ្យប្រឡងនៅដាច់ដោយឡែកហើយ។

សម្តេចតេជោរដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅថ្ងៃនេះ កម្ពុជារកឃើញវិជ្ជមានជំងឹកូវីដ១៩ ចំនួន១៥ករណី ដែល១៥ករណីនេះ ជាករណីនាំចូល ហើយសុទ្ធសឹងតែជា មេរោគបំប្លែងថ្មី «អូមីក្រុង» សម្តេចតេជោ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំមានការភិតភ័យ ជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង