ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលអូស្ត្រាលី ប្តេជ្ញាបន្តធ្វើការ ជាមួយកម្ពុជា ឆ្លើយតបទៅនឹង ជំងឺរាតត្បាតជំងឺកូវីដ១៩

62

ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា ដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ស្តីពីការផ្តល់ជំនួយវ៉ាក់សាំងរបស់ រដ្ឋាភិបាលអូស្រ្តាលី ចំនួន២.៣៥លានដូស ដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។

សេចក្តីប្រកាសរបស់ស្ថានទូតអូស្រ្តាលីបានបញ្ជាក់ដូច្នេះថា៖ «អូស្ត្រាលីនឹងបន្តនៅជាមួយកម្ពុជា ធ្វើការឆ្លើយតបទៅនឹងជំងឺ រាតត្បាតជាសកលនេះ។ យើងនៅតែប្ដេជ្ញាចិត្តក្នុងការធ្វើ ការជាមួយគ្នាដើម្បីធានាសុវត្ថិភាព និងវិបុលភាពរបស់ប្រជាជនយើង ប្រទេសយើង និងក្នុងតំបន់ទាំងមូល»

នៅថ្ងៃនេះ ប្រទេសអូស្ត្រាលីបានចាប់ផ្តើ មនៃការប្រគល់វាក់សាំង បង្ការជំងឺកូវីដ-១៩ Pfizer BioNTech ចំនួន ២,៣៥លានដូសដល់ ប្រជាជនកម្ពុជា។ ជំនួយវ៉ាក់សាំងប្រភេទ Pfizer នេះ ត្រូវបានដឹកមកដល់ ប្រទេសកម្ពុជា នៅព្រលប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួន ៧៨៣,០០០ដូស ហើយនឹងបន្តដឹកមកដល់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ចំនួន ១,៥៦៧,៥៣០ដូសទៀត។

សេចក្តីប្រកាសរបស់ស្ថានទូតអូស្រ្តាលី បានបញ្ជាក់បន្ថែមថា «នេះបង្កើតបានជាផ្នែក មួយនៃការប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការចែករំលែកវាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់ទៅ៦០លានដូស ជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ត្រឹមដំណាច់ឆ្នាំ២០២២ ដែលបានចែកចាយ បានជាង ១០លានដូសមកហើយ រហូតមកដល់បច្ចុប្បន្ននេះ»

លោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «អូស្ត្រាលី មានមោទនភាពក្នុង ការគាំទ្រដល់ប្រទេសកម្ពុជា ដោយធ្វើការផ្តល់វ៉ាក់សាំង បង្ការជំងឺ កូវីដ-១៩ Pfizer-BioNTech ចំនួន ២,៣៥លានដួស។ ការបរិច្ចាកវ៉ាក់សាំងនេះ ជាលើកទីមួយហើយ ដែលវាក់សាំង Pfizer-BioNTech នឹងត្រូវបានប្រើប្រាស់ ក្នុងចំនួនច្រើនបែបនេះ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា»

លោក Andreas Zurbrugg បានបន្ថែមថា៖ «អូស្ត្រាលីយល់ថាយុទ្ធនាការ ចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ គឺទាមទារឱ្យមានការធ្វើផែនការ ការគ្រប់គ្រង សម្ភារៈបរិក្ខា ការចែកចាយ និងការបណ្តុះបណ្តាល ដើម្បីធានាថា គ្រប់គ្នា ត្រូវបានការពារ រួមទាំងអ្នកដែលងាយរងគ្រោះ និងប្រជាជនដែលនៅឆ្ងាយ ពិបាកទៅដល់ផងដែរ។ នេះជាមូលហេតុដែលយើង បានផ្តល់កញ្ចប់ជំនួយដ៏ទូលំទូលាយ ដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ តាមរយៈជំនួយឥតសំណងដែល មានថវិកាចំនួន២៨លានដុល្លារអាមេរិក។ បន្ថែមពីលើវ៉ាក់សាំង Pfizer BioNTech ជំនួយរបស់អូស្ត្រាលីក៏កំពុង ជួយបណ្តុះបណ្តាលបុគ្គលិក សុខាភិបាល ព្រមទាំងផ្តល់ ការគាំទ្រផ្នែកដឹកជញ្ជូន និងសម្ភារៈបរិក្ខារផងដែរ»

បន្ថែមពីនេះ អូស្ត្រាលីកំពុងធ្វើការជាដៃគូជាមួយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រដល់យុទ្ធនាការ ចាក់វ៉ាក់សាំងទូទាំងប្រទេសនេះ។ លោក Andreas Zurbrugg បានមានប្រសាសន៍ថា៖ «ជំនាញរបស់អង្គការយូនីសេហ្វ ក្នុងការទិញ និងចែកចាយវ៉ាក់សាំង ជាពិសេសទៅកាន់ ទីតាំងដែលពិបាកទៅដល់ នឹងបង្កើនការផ្តល់វ៉ាក់សាំង ដល់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះ រួមទាំងជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ»

លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ជំងឺរាតត្បាតនេះ បានបង្ហាញឱ្យឃើញ ជាថ្មីម្ដងទៀតថា មធ្យោបាយតែមួយគត់ដែលយើង អាចដោះស្រាយបញ្ហា ប្រឈមធំបំផុតនានា របស់យើង គឺភាពជាដៃគូជាមួយគ្នាទៅវិញទៅមក ហើយរដ្ឋាភិបាលអូស្ត្រាលី ជាដៃគូដ៏សំខាន់បំផុតមួយ របស់អង្គការយូនីសេហ្វ នៅក្នុងតំបន់»

លោកស្រីបានបន្ថែមថា៖ «ការគាំទ្ររបស់អូស្ត្រាលីមិន ត្រឹមតែផ្ដល់វ៉ាក់សាំងដែលត្រូវការបំផុត ក្នុងដំណាក់កាលសំខាន់មួយទៀត ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យយើង គាំទ្រដល់រដ្ឋាភិបាល និងដាក់ឲ្យដំណើរការនូវប្រព័ន្ធត្រជាក់ និងសមត្ថភាព សម្រាប់រក្សាទុកវ៉ាក់សាំង ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រព័ន្ធសុខាភិបាលជាអចិន្ត្រៃយ៍ ហើយអាចឱ្យប្រព័ន្ធសុខាភិបាលនេះ ឆ្លើយតបកាន់តែមានប្រសិទ្ធិភាព ចំពោះបញ្ហាប្រឈមនានា នៅពេលអនាគត។ យើងសូមអរគុណយ៉ាងជ្រាល ជ្រៅចំពោះការប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការគាំទ្រដល់ការស្តារឡើងវិញ របស់ប្រទេសកម្ពុជា»

អូស្ត្រាលីក៏បានផ្ដល់វិភាគទានចំនួន ១៣០លានដុល្លាអូស្ត្រាលីផងដែរ ដល់យន្តការកូវាក់ COVAX Advance Market Commitment – AMC ដែលជួយសម្រួលដល់ ការទទួលបានវ៉ាក់សាំង សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ មកដល់ពេលនេះ វ៉ាក់សាំងប្រមាណ ៣លានដូសហើយ បានមកដល់កម្ពុជា តាមរយៈយន្តការ COVAX AMC ។ ជំនួយរបស់អូស្ត្រាលីនេះ បន្ថែមពីលើការគាំទ្រជាច្រើន ទសវត្សលើវិស័យសុខាភិបាល របស់កម្ពុជា រួមទាំង តាមរយៈគម្រោងលើកំពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ដែលកំពុងធ្វើការ ដើម្បីបង្កើនគុណភាពនៃសេវា ដែលផ្ដល់ដោយមណ្ឌលសុខភាព ជាង១២០០ នៅទូទាំងប្រទេសកម្ពុជា។

នៅពេលចាប់ផ្តើមនៃជំងឺរាតត្បាតនេះ អូស្ត្រាលីបានធ្វើការជាមួយដៃគូនានា ដើម្បីគាំទ្រដល់ ក្រសួងសុខាភិបាលកម្ពុជា ក្នុងការទិញឧបករណ៍ សម្រាប់ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងដឹកជញ្ជូនអ្នកជំងឺកូវីដ-១៩ រួមមាន ម៉ាស៊ីនជំនួយដល់ការ ដកដង្ហើម ចំនួន ១១០ និងឧបករណ៍តាមដាន អ្នកជំងឺចំនួន ៣៧០ និងរថយន្តសង្គ្រោះចំនួន ៨០ គ្រឿងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង