ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនសម្បទានិករបស់ឃុំគោលដៅទាំង ៥ នៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២

49

 

ក្រចេះ ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនសម្បទានិករបស់ឃុំគោលដៅទាំង ៥ នៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានឲ្យដឹងថារហូតមកដល់ខែធ្នូ ឆ្នាំ២០២១ នេះគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ ខេត្តក្រចេះបានបន្តនិងឈានទៅបិទបញ្ចប់ គម្រោងលើឃុំគោលដៅទាំង ៥។ មកទល់បច្ចុប្បន្ននេះ សម្បទានិកកំពុងតាំងលំនៅដ្ឋាន និងប្រកបរបរកសិកម្ម ជាលក្ខណៈគ្រួសារសរុប ១ ៧៩៥ គ្រួសារស្មើនឹង ៨៤.៧១ភាគរយ។ រីឯអ្នកទទួលបានដីមាន ៣២៤ គ្រួសារ ស្មើនឹង ១៥.២៩ភាគរយ ទៀតមិនទាន់ចូលមកប្រើប្រាស់ដី រដ្ឋបាលខេត្តបានដកហូត មកជាទ្រព្យសម្បត្តិរដ្ឋវិញបានចំនួន ២២៥ គ្រួសាររួចហើយ។ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២១ នេះគម្រោង LASED II ខេត្តក្រចេះមាន ២៥៦ សកម្មភាពជាអាទិភាព បានឆ្លើយតបទៅនឹងតម្រូវការរបស់សម្បទានិក ដែលបានសហការអនុវត្តដោយមន្ទីរវិស័យចំនួន៦ រដ្ឋបាលស្រុកចិត្របុរី និងរដ្ឋបាលស្រុកព្រែកប្រសព្វ ដោយចំណាយថវិកាសរុបជាង ២ ១៤៨ ៨៣៦ដុល្លារអាមេរិច។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញពីការសាទរ ចំពោះសមិទ្ធិផលទាំងឡាយ របស់ខេត្តក្រចេះ និងការវិវត្តន៍រីកចម្រើន ប្រកបដោយសោភ័ណភាព ក្នុងក្រុងក្រចេះ ហើយត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍មួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ឯកឧត្តមអភិបាលខេត្តក្រចេះ រួមនិងអាជ្ញាធរ មន្ត្រីរាជការ នៃមន្ទីរស្ថាប័ននានា ជុំវិញខេត្តដែលបានរួមគ្នាខិតខំប្រឹងប្រែង បំពេញការងារបានល្អប្រសើរ ធ្វើឱ្យខេត្តក្រចេះ មានសោភ័ណភាពដ៏ត្រកាលបែបនេះ។ ការជួបជុំគ្នានាពេលនេះ ក៏ដើម្បីសាទរចំពោះប្រជាពលរដ្ឋនៅឃុំដារ ឃុំសំបុក ឃុំចង្ក្រង ឃុំថ្មី ឃុំចំបក់នៅក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ដែលបានទទួលប័ណ្ណកម្មសិទ្ធិ ទុកជាមរតកដែលចាត់ទុកថានេះ គឺជាមូលដ្ឋានចំបង នៃការរស់នៅរបស់ប្រជាពលរដ្ឋ។ មូលដ្ឋានសេដ្ឋកិច្ចនេះ គឺពិតជាមានទំហំធំធេង ដែលផ្តល់ជូន ប្រជាពលរដ្ឋឲ្យមានដីធ្លី លំនៅឋានសម្រាប់រស់នៅតាមរយៈគម្រោង LASED II ក្រោមកិច្ចសហការគាំទ្រ ពីធនាគារពិភពលោក ដែលនេះគឺជាគម្រោងគំរូមួយ សម្រាប់មន្ត្រី ស្ថិតក្នុងក្របខណ្ឌសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់គោលនយោបាយ គោលការណ៍ណែនាំ និងសេចក្តីសម្រេចដ៏ត្រឹមត្រូវ ដាក់ចេញឲ្យអនុវត្តគម្រោង LASED ដោយមានការកសាងហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាង សំដៅដោះស្រាយ រាល់ការលំបាក និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះ ឯកឧត្តម បានស្នើដល់ប្រជាពលរដ្ឋសូមកុំយកដីធ្លី លំនៅដ្ឋាន ដែលទទួលបានប័ណ្ណកម្មសិទ្ធិ នាពេលនេះយកទៅលក់ដូរបន្ត ហើយគួរតែនាំគ្នាបង្កបង្កើនផលចិញ្ចឹមសត្វ លើដីធ្លីរបស់ខ្លួន ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ ជីវភាពគ្រួសារ និងអាចស្វែងរកការងារធ្វើ ឫមុខរបរសមស្របណាមួយ ប្រសើរជាងការយកដីធ្លីផ្ទះសម្បែងទៅលក់ដូរនោះ។

គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនសម្បទានិក ដែលបានបំពេញតាមលក្ខខណ្ឌ ដើម្បីធានាដល់សុវត្ថិភាព អ្នកកាន់កាប់ដីធ្លីក្នុងនោះលើកទី១ បានផ្ដល់វិញ្ញាបនបត្រ សំគាល់ម្ចាស់អចលនវត្ថុនៅឆ្នាំ២០១៨ និង២០១៩ ដល់សម្បទានិកឃុំគោលដៅទាំង ៥ ដែលបានអនុវត្តគ្រប់លក្ខខណ្ឌ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិសរុប ១២៦០ គ្រួសារស្មើនឹង ១៨៧៣ ប័ណ្ណនិងលើកទី២ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ដល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ដល់សម្បទានិកឃុំគោលដៅទាំង ៥ ដែលបានអនុវត្តគ្រប់លក្ខខណ្ឌ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិសរុប ៤៥៨ គ្រួសារស្មើនឹង ៧០៤ ប័ណ្ណបន្ថែមទៀត ដូច្នេះរហូតមកទល់ពេលនេះគម្រោង LASED II ខេត្តក្រចេះបានផ្ដល់ប័ណ្ណកម្មសិទ្ធិជូនសម្បទានិកចំនួន ១ ៧១៨ គ្រួសារ ត្រូវជា ២ ៥៧៧ ប័ណ្ណ ស្មើនឹង ៨១.១០ភាគរយ ធៀបនឹងចំនួនគ្រួសារអ្នកទទួលបានដីសរុប ២ ១១៩ គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង