ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់សកលនឹងស្វែងរក មេដាយមាសឲ្យបានមួយគ្រឿង ពីស៊ីហ្គេមឆ្នាំ២០២៣

343

ភ្នំពេញ៖លោកប៊ុយសុភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានដាក់ចេញនូវគោលដៅរបស់សហព័ន្ធនូវ
គោលដៅស៊ីហ្គេម២លើកនៅចំពោះមុខនេះដោយបង្កើនមេដាយក្នុងស៊ីហ្គេមនៅប្រទេសវៀតណាមនាឆ្នាំ២០២២និងបង្កើតប្រវត្តិសាស្ត្រថ្មីមួយ គឺប្រជែងយក មេដាយមាស១គ្រឿងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សហព័ន្ធនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិឲ្យដណ្តើមមេដាយបានច្រើន ឬឈានទៅរកមេដាយកម្រិតខ្ពស់ជាងស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៩ដែលកាលនោះដណ្តើមបានមេដាយសំរឹទ្ធ
ចំនួន ៥គ្រឿង។
លោកអគ្គលេខាធិការអះអាងថា សម្រាប់ការត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម គឺសហព័ន្ធប្រដាល់សកលកម្ពុជាគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ពី៨ទៅ៩នាក់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលម្ចាស់ផ្ទះវៀតណាមមបានលើកពេលពីចុងឆ្នាំ២០២១ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ដោយសារវិបត្តិជំងឺកូវីដ-១៩។
ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជានឹងអាចមានលទ្ធភាពប្រជែងបានមេដាយច្រើនជាងស៊ីហ្គេមកន្លងមកដើម្បីបំបែកកំណត់ត្រាថ្មីមួយរបស់ប្រភេទកីឡាប្រដាល់សកលដែលពុំធ្លាប់ដណ្ដើមបានមេដាយមាសគឺបានត្រឹមមេដាយប្រាក់និងសំរិទ្ធនាពេលកន្លងមកប៉ុណ្ណោះ។
ស៊ីហ្គេម លើកទី៣១ នៅវៀតណាម គឺជាហ្គេមយុទ្ធសាស្ត្រចុងក្រោយ ដើម្បីកំណត់គោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣នៅកម្ពុជាដោយសហព័ន្ធជំនាញមួយនេះនឹងបន្តពង្រឹងបច្ចេកទេសរបស់ក្រុមជម្រើសជាតិដែលកំពុងហ្វឹកហាត់ក្នុង
ស្រុក និងកីឡាករកំពុងហ្វឹកហាត់នៅក្រៅប្រទេស(ទម្ងន់៩០គីឡូក្រាម)ធ្វើយ៉ាងណាឲ្យប្រជែងបានមេដាយមាស១គ្រឿងក្នុងឋានៈជាម្ចាស់ផ្ទះ លើកដំបូងរបស់ខ្លួន។
ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ប្រចាំឆ្នាំ២០២១ មានចំនួនសរុប ១៣នាក់ ក្នុងនោះមានកីឡាការិនី២នាក់ និងមានកីឡាករចំនួន ១១នាក់ ។
កាលពីចុងឆ្នាំកន្លងមកការដាក់ចេញនូវផែនការយុទ្ធសាស្ត្រតាមរយៈការបោះជំរំហ្វឹកហាត់ត្រៀមរបស់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា និងការបង្កើតព្រឹត្តិការណ៍ប្រដាល់ថ្មីមួយ គឺ Ultimate Boxing Championship និងកំពុងស្នើសុំឲ្យមានការប្រកួតប្រចាំសប្តាហ៍ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ តាមបណ្តាស្ថានីយទូរទស្សន៍នានា នៅក្នុងស្រុកទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង