ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោយពីបំពេញទស្សនកិច្ច ប្រកបដោយផ្លែផ្កា នៅមីយ៉ាន់ម៉ា

367

 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីទស្សនកិច្ចប្រកបដោយផ្លែផ្កានៅប្រទេសមីយ៉ាន់ម៉ា។

នៅក្រោយត្រឡប់មកដល់ប្រទេសកម្ពុជានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា គោលបំណងសំខាន់ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសហភាពមីយ៉ាន់ម៉ាគឺ ៖ ទី១. រឹតចំណងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ រវាងកម្ពុជានិងមីយ៉ាន់ម៉ា , ទី២. សំដៅរកវិធីសម្រួលអោយសភាពការណ៍ នៅមីយ៉ាន់ម៉ា បានធូរស្រាលវិញ ការបញ្ឈប់អំពើហឹង្សា នៅមីយ៉ាន់ម៉ា និងទី៣ . ការធ្វើអោយជំនួយមនុស្សធម៌ ដែលប្រជាជនមីយ៉ាន់ម៉ា ត្រូវការ អោយបានដល់ដៃពួកគាត់ ដោយមិនមានការរើសអើង និងវិធីចែកជំនួយមនុស្សធម៌នោះ ដល់ពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ដើម្បីសម្របសម្រួលជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងក្នុងគោលដៅដើម្បីពង្រឹងដល់មិត្តភាពរបស់អាស៊ានផងដែរ។
សេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី ៧-៨ ខែមករា ឆ្នាំ ២០២២។

តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សា រដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មឹន ម៉ោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗ ខ្លួន។

ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ច ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។

ការយល់ព្រមអនុវត្តបទឈប់បាញ់ បញ្ឈប់អំពើហិង្សា និងទទួលយកជំនួយរបស់មីយ៉ាន់ម៉ា រួមទាំងស្វាគមន៍ចំពោះប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ ជាការវិវឌ្ឍថ្មីស្របទៅតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំង៥ចំណុចនេះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជន ដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ ជាតិដើម្បីសម្របសម្រួលការផ្ដល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការ សហប្រជាជាតិដែលពាក់ព័ន្ធ ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យ មានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប
ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រប ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌អោយមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការ រើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងបានសន្យាផ្ដល់ការគាំទ្រដល់ប្រេសិតពិសេសដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។ ឯកឧត្តមនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រម ព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានា ការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្ដែង នៅមីយ៉ាន់ម៉ា។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នកជំងឺចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែនចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូរីដ-១៩។

កិច្ចប្រជុំខាងលើបានបញ្ចប់ទៅក្នុងបរិយាកាសយល់គ្នាទៅវិញទៅមក និងដោយស្មោះត្រង់៕

អត្ថបទដែលជាប់ទាក់ទង