ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពានរង្វាន់កីឡាអេឡិចត្រូនិកថ្មីមួយ បង្កើតឡើងដោយ មានរង្វាន់ធំ ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

110

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិកត្រូនិកថ្មីមួយ លើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១នឹងចាប់ផ្តើម ពីថ្ងៃទី១០ ខែកុម្ភៈដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។
នេះជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលពុំធ្លាប់មាននៅកម្ពុជាឡើយនេះ គឺជាចំណែកដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍនធានធាន ប្រកបដោយគុណភាពឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចកក្រកម្ពុជា។នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
អគ្គលេខាធិការ សហព័ន្ធកីឡារអេឡិចត្រូនិកកម្ពុជា លោក លន់ សាមឌី បានចាត់ទុកថា ពានរង្វាន់ T.Y Media E-Championរដូវ
កាលទី១នេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងការជួយជំរុញការអភិវឌ្ឍគុណភាព សមត្ថភាពកីឡាករកាន់តែ រីកចម្រើនបន្ថែមទៀត ពីព្រោះថាវិស័យកីឡាអេឡិចត្រូនិក មានបេសកម្មធំៗចំនួនពីរ គឺត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងត្រៀមឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ការប្រកួតលើវិញ្ញាសា Mobile Legendពានរង្វាន់ T.Y Media E-Champion គឺវិញ្ញាសាមួយដ៏សំខាន់ដូចវិញ្ញាសាផ្សេងៗទៀតដែរ ក្នុងការបង្កើតឱកាសថ្មីមួយ ក្នុងការបង្កើនសមត្ថភាពកីឡាករត្រៀម ចូលរួមប្រកួតធំៗនាពេលខាងមុខ។តាមរយៈការប្រកួតនេះលោកសង្ឃឹមថា នឹងរកបាននូវលទ្ធផលល្អប្រសើរ និងទទួលបាន បទពិសោធន៍ថ្មីៗបន្ថែមទៀត។
លោកធីវ៉ាយអគ្គនាយកក្រុមហ៊ុនធីវ៉ាយមេឌា &អ៊ែតវើថាយស៊ីង(ឯ.ក)បានបង្ហាញនូវក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ
រវាងសហព័ន្ធកីឡាអេឡិត្រូនិកកម្ពុជា ក្នុងការផ្តល់ទំនុកចិត្តដល់ ក្រុមហ៊ុនរបស់លោក ដើម្បីរួមចំណែកក្នុង ការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិក នៅកម្ពុជា។ការរៀបចំការប្រកួតនេះ ពិតជាមានសារៈសំខាន់ ក្នុងការបង្កើនធនធានកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការរៀបចំការប្រកួត ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះការរៀបចំ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២។
លោកអគ្គនាយកក្រុមហ៊ុនរូបនេះ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ថា ក្រុមហ៊ុននឹងបន្តការរៀបចំ នៅរដូវកាលក្រោយៗទៀត ដើម្បីបន្តគាំទ្រយ៉ាងសកម្ម ក្នុងការជួយដល់ការអភិវឌ្ឍវិស័យ កីឡាអេឡិចត្រូនិកកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការប្រកួតនេះមាន ប្រាក់រង្វាន់សរុប ១០០លានរៀល ក្នុងនោះចំណាត់ថ្នាក់លេខ១ ទឹកប្រាក់ ៥០ ០០០ ០០០រៀល, លេខ២ ទឹកប្រាក់ ២៥ ០០០ ០០០រៀល, លេខ៣ ទឹកប្រាក់ ១៥ ០០០ ០០០រៀល, លេខ៤ ទឹកប្រាក់ ៤ ០០០ ០០០រៀល។ លើសពីនេះទៅទៀត ក៏មានប្រាក់រង្វាន់លើក ទឹកចិត្តសម្រាប់៤ក្រុម ដែលមិនបានទៅវគ្គបន្ត ដោយក្នុង១ក្រុមទទួល បានប្រាក់រង្វាន់ចំនួន ១ ៥០០ ០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង