ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័រ បោលបុកម៉ូតូពេញទំហឹង បណ្តាលអោយស្លាប់និងរបួសធ្ងន់៣នាក់

127

ភ្នំពេញ៖យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានស្លាប់និងរងរបួសធ្ងន់ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកុងតឺន័របោលបុកម៉ូតូពេញទំហឹងនោះ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃអាទិត្យ ១៤រោជ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក NISSAN DIESEL ពណ៌ទឹកប្រាក់ឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0612 ជាប្រភេទរថយន្តកុងតឺន័រ កន្ទុយក្រាយពាក់ស្លាកលេខ ភ្នំពេញ 4A-0964 និងម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-2830 បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បងជីវិតនៅកន្លែងកើតហេតុ និងរងរបួសចំនួន២នាក់។ ជនរងគ្រោះទី១-ឈ្មោះ ណាវ ដេត ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់) មុខរបរយាមកន្លែងផ្ញើម៉ូតូ ស្រុកកំណើតភូមិ៣ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី២-ឈ្មោះ ណាវ ដេន ភេទប្រុស អាយុ២៦ឆ្នាំ (រងរបួសធ្ងន់) មុខរបរលក់គ្រឿងអគ្គិសនី ស្រុកកំណើតជាមួយគ្នា និងទី៣-ឈ្មោះ វ៉ា ម៉ោះ ភេទប្រុស អាយុ២៨ឆ្នាំ (រងរបួសធ្ងន់) មុខរបរយាមកន្លែងម៉ូតូ មានស្រុកកំណើតជាមួយគ្នា។ ចំណែកតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួច សាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈអ្នករបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចនគរបាលជំនាញ បានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង