ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅឆ្នាំ២០២២ កំណត់យកគោលដៅ បរិមាណនាំចេញថ្មីចន្លោះពី ៧៥ ទៅ៨០ម៉ឺនតោន នៅឆ្នាំ២០២២ បន្ទាប់ពីមានការធ្លាក់ចុះជិត១១% នៅឆ្នាំ២០២១

44

 

ភ្នំពេញ ៖ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា(ស.អ.ក) បានថ្លែងថា ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា​ បានឯកភាពលើសេចក្តីព្រៀងផែនការសកម្មភាព ដោយកំណត់គោលដៅឆ្នាំ២០២២ ជាឆ្នាំស្តារស្ថានភាព ឱ្យមានកំណើនឡើងវិញ ដោយត្រូវជំរុញយ៉ាងណា ឱ្យមានកំណើនលើការនាំចេញ បន្ទាប់ពីមានការធ្លាក់ចុះជិត១១% នៅឆ្នាំ២០២១ ក្នុងស្ថានភាពនៃវិបត្តិលើការរីករាលដាលកូវីដ-១៩ ដោយកំណត់យកគោលដៅបរិមាណនាំចេញថ្មីចន្លោះពី ៧៥ ទៅ៨០ម៉ឺនតោននៅឆ្នាំ២០២២។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល ស.អ.ក អាណត្តិទី៣ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៩ អាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ។ កិច្ចប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ដូចជា ៖
១. កិច្ចពិភាក្សា លើការៀបចំកិច្ចប្រជុំបូកសរុប លើកិច្ចការងារប្រចាំឆ្នាំ ២០២១ និងទិសដៅឆ្នាំ២០២២
២. កិច្ចពិភាក្សា និងអនុម័ត លើសេចក្តីព្រៀងគម្រោងផែនកាសកម្មភាព និង លើសេចក្តីព្រៀងគម្រោងហិរញ្ញវត្ថុសម្រាប់ ឆ្នាំ២០២២
៣. ផ្សេងៗ

យោងតាមរបៀបវារៈអង្គប្រជុំលើកទី៩ របស់ក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣ ទាំងមូលបានលើកជាយោបល់បន្ថែម លើផែនការសកម្មភាព និងហិរញ្ញវត្ថុ ហើយបានផ្តល់នូវសេចក្តីសម្រេច ឯកភាពលើសេចក្តីព្រៀងផែនការសកម្មភាព និង សេចក្តីព្រៀងផែនការហិរញ្ញវត្ថុឆ្នាំ ២០២២ និង ការងារមួយចំនួនដូចខាងក្រោម ៖

១). ឯកភាពលើការរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និង ការបង្ហាញនូវគម្រោងផែនការសកម្មភាព និងហិរញ្ញវត្ថុ ឆ្នាំ២០២២ ដែលគ្រោងប្រពឹត្តទៅនៅ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមមកពីសមាជិក សមាជិកា ក្រសួងពាក់ព័ន្ធ និងគម្រោងដៃគូអភិវឌ្ឍនានា ដែលជាជម្រើសទី១ គឺយកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

២).ឯកភាពលើសេចក្តីព្រៀងផែនការហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២២ ដែលស្នើឡើងលើទឹកប្រាក់ចំនួន ៧៨០.៥២៤ ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ចំណាយលើប្រតិបត្តិការ របស់សហព័ន្ធមានចំនួន ២៧% និងចំណាយសសម្រាប់ការវិនិយោគ លើការលើកកម្ពស់ផ្សព្វផ្សាយ និងជំរុញការនាំចេញអង្ករ និងការបណ្តុះបណ្តាលដល់សមាជិកចំនួន ៧៣% ។ លេខាធិការដ្ឋានត្រូវធ្វើការជាមួយអង្គការដៃគូនានា និងវិស័យឯកជននានា ដើម្បីស្វែងរកថវិកាសម្រាប់អនុវត្តន៍ការងារនេះ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលតាមផែនការដែលគ្រោងទុក។

៣). ឯកភាពលើសេចក្តីព្រៀងផែនការសកម្មភាព ដោយកំណត់គោលដៅឆ្នាំ២០២២ ជាឆ្នាំស្តារស្ថានភាពឱ្យមានកំណើនឡើងវិញដោយ ត្រូវជំរុញយ៉ាងណាឱ្យមានកំណើន លើការនាំចេញ បន្ទាប់ពីមានការធ្លាក់ចុះជិត១១% នៅឆ្នាំ២០២១ ក្នុងស្ថានភាពនៃវិបត្តិលើការរីករាលដាលកូវីដ-១៩ ដោយកំណត់យកគោលដៅបរិមាណនាំចេញថ្មី ចន្លោះពី ៧៥ ទៅ៨០ម៉ឺនតោននៅឆ្នាំ២០២២។

៤. តាមរយៈគោលដៅថ្មីនេះ គឺត្រូវជំរុញឱ្យមានការយកចិត្តទុកដាក់ ជាអតិភាពលើការជំរុញការអភិវឌ្ឍ នូវពូជស្រូវដែលឆ្លើយតបតាមតម្រូវការនាំចេញ ធន់និងការប្រែប្រួលបរិយាកាស និងជំរុញដល់ការផលិតគ្រាប់ពូជសុទ្ធ ត្រឹមត្រូវសម្រាប់សហគមន៍កសិករប្រើប្រាស់ និងជំរុញការនាំចេញបន្ថែមទៀតតាមរយៈការធ្វើយុទ្ធនាការផ្សព្វផ្សាយ ម៉ាកអង្ករដែលបានចុះបញ្ជឺម៉ាករួចរួមមាន ម្លិះអង្គរ និង ម៉ាកសមូហភាពនៃអង្ករស្រូវសែនក្រអូប និងអង្ករដំណើប ដែលនឹងត្រូវចុះបញ្ជីខាងមុខ រួមទាំងការធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីផ្សារសំខាន់ៗ ដូចជាសហគមន៍អឺរ៉ុប អាមេរិក ហុងកុង ជាដើម ។ល។

៥. ការងារដែលមានស្រាប់គឺ ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើរ ជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀត នៅការអភិវឌ្ឍ នៃវិស័យស្រូវអង្ករនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង