ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបរវាង រដ្ឋមន្ត្រីការបរទេស កម្ពុជា និងជប៉ុន បានអះអាងថា ជប៉ុនគាំទ្រជាហូរហែ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជា ការធ្វើជាប្រធានអាស៊ាន នៅឆ្នាំនេះ

303

 

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន តាមទូរស័ព្ទ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ទៅលើប្រធានបទជាច្រើន។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា “ជាថ្មីម្តងទៀត ខ្ញុំបានថ្លែងអំណរគុណប្រទេសជប៉ុន ចំពោះការគាំទ្រជាហូរហែដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាការធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ”។

ឯកឧត្តម បានកត់សម្គាល់ ពីវឌ្ឍនភាពមួយចំនួន ក្រោយដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ា ដោះស្រាយបញ្ហារបស់ខ្លួន។ យើងបានឯកភាពគ្នាថា ការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច គឺជាកត្តាស្នូលដើម្បីសម្រេចការងារនេះ។

បើតាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ “ខ្ញុំក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយលោកបណ្ឌិត យ៉ូហេ សាសាកាវ៉ា ដែលជាប្រេសិតពិសេសរបស់ជប៉ុន សម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា។ ខ្ញុំសង្ឃឹមថា នឹងបានទទួលឯកឧត្តម នៅកម្ពុជា ក្នុងពេលឆាប់ៗនេះ នៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ”៕

អត្ថបទដែលជាប់ទាក់ទង