ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល៥ថ្ងៃ

37

 

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។ ទស្សនកិច្ចនេះ ធ្វើឡើង

សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក លឹម ចុក ហ៊ុយ នឹងអញ្ជើញចូលជួបសម្តែង ការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

លោកអគ្គលេខាធិការ ក៏រំពឹងថានឹងមានជំនួប ដាច់ដោយឡែកពីគ្នាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកអគ្គបណ្ឌិតសភាចារ្យ, អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោកអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ផងដែរ។

ទស្សនកិច្ចរបស់ លោក លឹម ចុក ហ៊ុយ មកព្រះរាជាណាចក្រកកម្ពុជា ក្នុងនាមជា ប្រធានអាស៊ាននាពេលបច្ចុប្បន្ន នឹងស្វែងរកមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល រវាងលេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានា របស់កម្ពុជា ដែលស្ថិតនៅក្រោម សសរស្តម្ភទាំងបីរបស់ សហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយ- សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាសម្រេចបាននូវ សមិទ្ធផលល្អប្រសើរ សម្រាប់គ្រួសារអាស៊ាន ដែលកាន់តែរឹងមាំ និងស្អិតរមួតខ្លាំងឡើង៕

អត្ថបទដែលជាប់ទាក់ទង