ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការអាស៊ាន ជួបសម្ដែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ៥ថ្ងៃ

352

 

ភ្នំពេញ ៖ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានជួបសម្ដែងការគួរសម ជាមួយនៅទីស្តីការក្រសួងការបរទេស។

លោក លឹម ចុក ហ៊ុយ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ ដែលទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ប្រមុខការទូតកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មានទទួល បានបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក លឹម ចុក ហ៊ុយ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផងដែរ។

លោកអគ្គលេខាធិការ ក៏រំពឹងថានឹងមានជំនួប ដាច់ដោយឡែកពីគ្នាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកអគ្គបណ្ឌិតសភាចារ្យ, អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោកអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ច ប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ផងដែរ។

ទស្សនកិច្ចរបស់ លោក លឹម ចុក ហ៊ុយ មកព្រះរាជាណាចក្រកកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន នឹងស្វែងរកមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល រវាងលេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានា របស់កម្ពុជា ដែលស្ថិតនៅក្រោមសសរស្តម្ភទាំងបី របស់សហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាសម្រេចបាន នូវសមិទ្ធផលល្អប្រសើរ សម្រាប់គ្រួសារអាស៊ាន ដែលកាន់តែរឹងមាំ និងស្អិតរមួតខ្លាំងឡើង៕

អត្ថបទដែលជាប់ទាក់ទង