ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា​ អញ្ជើញចាក់វ៉ាក់សំាងដូសជំរុញទី៤

50

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ និងសមាជិកសមាជិការដ្ឋសភា ព្រមទាំងសហព័ទ្ធ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេច ក៏បានអំពាវនាវដល់ជនរួមជាតិទំាងអស់ ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ-១៩ ពិសេសទប់ស្កាត់វីរុសបំប្លែងថ្មី អូមីក្រុង កុំឱ្យឆ្លងរីករាលដាលក្នុងសង្គមជាតិ។

សម្តេច បានមានប្រសាសន៍បន្ថែមថា ទោះបីបងប្អូនជនរួមជាតិ បានចាក់វ៉ាក់សំាងដូសជំរុញលើកទី៣ និងលើកទី៤ហើយយ៉ាងណាក្តី សូមបន្តអនុវត្តវិធានការសុខាភិបាល “បីការពារ បីកុំ” ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះរីក រាលដាលនៅក្នុងសង្គមជាតិបានសារជាថ្មីបាន។

ការផ្អាកសង្គមនិងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជាប្រទេសកម្ពុជានាពេលកន្លងមក ពិតជាបានបង្កការលំបាកទំាងក្នុងការរស់នៅ និងជីវភាព។ សម្តេចបានគូសបញ្ជាក់ថា ដើម្បីជៀសផុតពីការលំបាកទំាងនោះម្តងទៀត សូមជនរួមជាតិចូលរួមចាក់វ៉ាក់សំាងនិងអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ និងគ្រប់ៗគ្នា មិនត្រូវធ្វេសប្រហែសឡើយ។ មានតែការចូលរួមរបស់បងប្អូនជនជាតិគ្រប់គ្នាប៉ុណ្ណោះទើបគ្រួសារយើង សង្គមជាតិយើង អាចឈ្នះនឹងជំងឺកូវីដ-១៩បាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋយើងពីជំងឺដ៏កាចសាហាវនេះ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សំាង បានយ៉ាងជោគជ័យ រហូតអាចឈានដល់ការបើកសង្គមនិងសេដ្ឋកិច្ចបានឡើងវិញនៅពេលនេះ។ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទំាងលាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សំាង និងឧបករណ៍វេជ្ជសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩បានរហូតមក៕

អត្ថបទដែលជាប់ទាក់ទង