ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាទេសចរណ៍អាស៊ាន ជាឱកាសផ្សព្វផ្សាយ «កម្ពុជាជាគោលដៅ ទេសចរណ៍សុវត្ថិភាព» និងប្រកាសបើកទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញ

85

 

ព្រះសីហនុ ៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាល ជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយ ពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។

ជាមួយគ្នានេះ នៅវេលាម៉ោង៨ៈ២០ នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះដែរ គណៈប្រតិភូដែលនឹងត្រូវចូលរួមក្នងវេទិកាទេសចរណ៍អាស៊ាន ATF 2022 ចំនួន ៣ប្រទេស ក្នុងនោះមាន សាំងហ្គាពួរ ម៉ាឡេសុី និងឥណ្ឌូណេស៊ី បានមកដល់ព្រលាន យន្តហោះ អន្តរជាតិខេត្តព្រះសីហនុ ដោយសុវត្ថិភាព និងមានគណៈប្រតិភូនៃប្រទេសដទៃទៀត ដែលនឹងត្រូវចូលរួមក្នុង វេទិកាទេសចរណ៍អាស៊ាន ATF 2022 នឹងមកដល់ជាបន្តបន្ទាប់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្រ្តនេះ។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ការងាររៀបចំព្រឹតិ្តការណ៍ទាំងមូល បានសម្រេចរួចរាល់តាមការគ្រោងទុក ដោយមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើកកម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានរៀបចំរួចរាល់ស្របតាមវិធានសុវត្ថិភាព។ លើសពីនេះទៀត រហូតមកដល់ពេលនេះមានការបញ្ជាក់ ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន ២០ ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន ៣២២នាក់ មកពីប្រទេសចំនួន២៧។

ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័ន ទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន -ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ច ប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រម ទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ ដែលជាការបោះ ជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុង ការបើកទេសចរណ៍អន្តរជាតិឡើងវិញ។

សូមបញ្ជាក់ថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

អត្ថបទដែលជាប់ទាក់ទង