ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្តល់បទសម្ភាសន៍ ទាក់ទងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម គឺផលិតផលផ្លែឈើកម្ពុជា និងទីផ្សារ រវាងកម្ពុជា-ចិន

54

 

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបក្រុមការងារ មកពីក្រុមហ៊ុន ហ័រឡុង ដើម្បីសម្តែងការគួរសម និងជួបផ្តល់បទសម្ភាសន៍ ទាក់ទងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ជារួមនិងដោយឡែកនោះ គឺផលិតផលផ្លែឈើកម្ពុជា និងទីផ្សារ រវាងកម្ពុជា-ចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។

លោកនាយកក្រុមហ៊ុន បានលើកឡើងថា កម្ពុជា ជាមិត្តរបស់ចិន ហើយនៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ ភាគីទាំងពីរ បានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្ត្រពេញលេញ។ កិច្ចសហ ប្រតិបត្តិការចិន-កម្ពុជា លើវិស័យកសិកម្ម បានប្រព្រឹត្តទៅក្នុងរបៀបវារៈរបស់ប្រមុខរដ្ឋទាំងពីរ នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកដំបូង។ ជាក់ស្តែង បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើន បានមកធ្វើការវិនិយោគលើវិស័យកសិកម្ម (ផលិតកម្មដំណាំ វារីវប្បកម្ម មជ្ឈមណ្ឌលទីផ្សារកសិផល ពិពណ៌កសិផល កន្លែងកែច្នៃ វេចខ្ចប់ ធ្វើអនាម័យ កន្លែងស.ម្លាប់សត្វល្អិតចង្រៃ)។ ការវិនិយោគនេះ គឺមានបំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងស្តងដារទីផ្សារនាំចេញ។ លោកសង្ឃឹមថា នាពេលអនាគតដ៏ខ្លី សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិន ដែលបាននិងកំពុងដំណើរការ នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនកាន់តែច្រើនឡើងថែមទៀត។

ជាការឆ្លើយតប ទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងភាគីទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ចម្លើយយ៉ាងក្បោះក្បាយ ជាលំដាប់លំដោយ ដោយផ្តើមចេញពីការរកបាននូវសន្តិភាពពេញលេញ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាចាប់ផ្តើមអភិវឌ្ឍ ជាជំហានៗលើគ្រប់វិស័យ ជាក់ស្តែងវិស័យកសិកម្ម បានប្រែក្លាយពីប្រទេសមួយ ខ្វះខាតស្បៀង មកជាប្រទេសផលិតស្បៀង ដើម្បីធ្វើការនាំចេញ។ ដូចលោកនាយកក្រុមហ៊ុន បានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនថា យោងលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ បានទាក់ទាញវិនិយោគិនចិនជា ច្រើនមកវិនិយោគលើវិស័យកសិកម្ម ហើយមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ គឺក្រុមហ៊ុនហ៊ុនទី ដែលបានដាក់ទុនវិនិយោគ បង្កើតមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម លើផ្ទៃដី ៨០ហ.ត ដោយធ្វើការបែងចែកទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារ ពិពណ៌កសិផលកន្លែងស.ម្លាប់មេរោគ និងសត្វល្អិតចង្រៃ សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន ចេក ដូង និងផលិតផលវារីវប្បកម្មផងដែរ។ល។ ដើម្បីជួយជំរុញ ដល់ការនាំចេញកសិផលកម្ពុជា រដ្ឋាភិបាលចិន បានឧបត្ថម្ភមន្ទីរពិសោធន៍ ថ្នាំការពារជំងឺឆ្លងគោ-ក្របី និងជំងឺដំពកស្បែកគោផងដែរ។

តាមរយ:ជំនួយឧបត្ថម្ភនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិន អគ្គរដ្ឋបាលគយ ដែលបានផ្តល់កិច្ចសហការពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ ឌតម្រូវភូតគាមអនាម័យ លើផលិតផលផ្លែ ស្វាយកែវរមៀតកម្ពុជា និងមានប៉ៃលិន ហើយឈានទៅសម្រេចអនុញ្ញាត ជាផ្លូវការឲ្យផលិតផលស្វាយ និងចេកអំបូងលឿង នាំចេញទៅកាន់ទីផ្សារចិន ជាផ្លូវការកន្លងមក។ មួយវិញទៀត សកម្មភាពវិនិយោគ របស់ក្រុមហ៊ុនចិន គឺពិតជានឹងចូលរួមបំពេញបន្ថែម នូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលទាំងពីរ នឹងផ្តល់កាលានុវត្តភាព សម្រាប់វិនិយោគិន កសិករ ម្ចាស់ចំការ និងអាជីវករ មានឱកាសពង្រីកសក្តានុពលផលិតកែច្នៃ និងនាំចេញស្របតាមគន្លងប្រក្រតីភាពថ្មី។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នឹងរង់ចាំផ្តល់កិច្ចសហការ ធ្វើយ៉ាងណា ឲ្យការវិនិយោគសម្រេច ទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង