ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេ លើពិភពលោក គាំទ្រការបើកទេសចរណ៍ របស់អាស៊ានឡើងវិញ និងសន្យាជួយផ្សព្វផ្សាយ អំពីកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព

26

 

ព្រះសីហនុ ៖ អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក លោក ប្រ៊ុយណូ បូដាដ (Bruno BODARD) បានប្រកាសគាំទ្រការបើកទទួលទេសចរណ៍អាស៊ានឡើងវិញ ដែលជាពេលវេលាស័ក្តិសមបំផុតចំពោះស្ថានភាពទេសចរណ៍ក្នុងតំបន់ ពិសេសគឺតំបន់ឆ្នេរសមុទ្រ និងបានសន្យាជួយផ្សព្វផ្សាយអំពីគោលដៅកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក ប្រ៊ុយណូ បូដាដ ក្នុងនាមតំណាងសមាជិកទាំង២៦ប្រទេស នៃក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ជាមួយភាគីក្រសួងទេសចរណ៍កម្ពុជា ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ពោលគឺក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីគោលបំណងសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍ ATF 2022 នេះ ពោលគឺដើម្បីប្រកាសបើកគោលដៅ ទេសចរណ៍អាស៊ានឡើងវិញ ខណៈដែលគោលដៅក្នុងតំបន់មួយចំនួន ពិសេសគឺគោលដៅកម្ពុជាមានការត្រៀម ស្វាគមន៍រួចជាស្រេចក្នុងការ ទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូន លោកអគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេ លើពិភពលោកដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩បានយ៉ាងហ្មត់ចង់ រហូតដល់បានរៀបចំប្រទេសឱ្យក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាព ដែលភ្ញៀវទេសចរអាចរីករាយមក ទស្សនាកម្សាន្តបានយ៉ាងកក់ក្ដៅ។ ជាមួយគ្នានោះ កម្ពុជាក៏បានរៀបចំដាក់ចេញ នូវវិធានការណ៍សុវត្ថិភាពសុខាភិបាលយ៉ាងហ្មត់ចត់ ដើម្បីគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពទាំងនោះ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក ប្រ៊ុយណូ បូដាដ បានប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះការបើកគោលដៅទេសចរណ៍អាស៊ានឡើងវិញ ដែលជាពេលវេលាដ៏ស័ក្តិសមបំផុត ចំពោះស្ថានភាពទេសចរណ៍ក្នុងតំបន់ ពិសេសគឺតំបន់ឆ្នេរសមុទ្រ។

លើសពីនេះ លោក ប្រ៊ុយណូ បូដាដ ក៏បានសន្យាថានឹងជួយផ្សព្វផ្សាយ អំពីគោលដៅកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ទៅកាន់សមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេ នៅលើពិភពលោករបស់លោក ព្រមទាំងបណ្ដាញផ្សព្វផ្សាយនានារបស់ក្លឹបឆ្នេរផងដែរ។

គួរជម្រាបថា បើតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រី ថោង ខុន វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារ ការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយ ផ្សព្វផ្សាយពីប្រទេសកម្ពុជាជា គោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង