ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់ទេសចរណ៍អាស៊ាន ពិភាក្សាលើយន្តការ បើកទេសចរណ៍តំបន់អាស៊ាន ឡើងវិញ

299

 

ព្រះសីហនុ ៖ មន្ត្រីជាន់ខ្ពស់ទេសចរណ៍អាស៊ាន បានបើកកិច្ចប្រជុំដោយផ្ទាល់ និងតាមអនឡាញ ដើម្បីពិនិត្យឯកសារផ្សេងៗ មុនដាក់ស្នើ សុំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៥ ដើម្បីពិនិត្យ និងអនុម័ត ពិសេសគឺដើម្បីគាំទ្រការបើកទទួលស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្សាន្តតំបន់អាស៊ានឡើងវិញ។

កិច្ចប្រជុំទាំងនេះធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៥ និងអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីថ្នាក់ ប្រធានស្ថាប័នទេសចរណ៍ជាតិអាស៊ាន ប្រទេសបូកបី រុស្ស៊ី ឥណ្ឌា លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលមានសមាសភាពចូលរួមប្រមាណជាង១៥០នាក់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ឯកឧត្ដម ថោង រដ្ឋសក្តិ បានឱ្យដឹងថា ដើម្បីគាំទ្រការបើកទទួលស្វាគមន៍ទេសចរអន្តរជាតិ មកទស្សនាកម្សាន្តតំបន់អាស៊ានឡើងវិញ ស្ថាប័នទេសចរណ៍ជាតិអាស៊ាន និងដៃគូបានពិភាក្សា និងឯកភាពគ្នាដូចតទៅ៖

១) រៀបចំសេចក្តីប្រកាសព័ត៌មាន រួមរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលមានបញ្ចូលខ្លឹមសារ ស្តីពីការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ដោយឈរលើមូលដ្ឋានវិធានសុខាភិបាល របស់ប្រទេសសមាជិកអាស៊ាននីមួយៗ ព្រមទាំងតម្កល់សុខភាពប្រជាពលរដ្ឋអាស៊ាន និងទេសចរជាអាទិភាព ដោយផ្សារភ្ជាប់នឹងការរៀនរស់ នៅក្នុងគន្លងប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩។

២) ការរៀបចំគោលការណ៍អាស៊ានស្តីពីការវាយតម្លៃការសិក្សាពីមុន ក្នុងគោលដៅផ្តល់ឱកាសដល់ ឲ្យអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍អាស៊ាន ដែលគ្មានសញ្ញាបត្របញ្ជាក់ការសិក្សា ប៉ុន្តែមានបទពិសោធន៍ការងារ និងចំណេះដឹងក្នុងការងារអនុវត្តផ្ទាល់ក្នុងការទទួលបានសញ្ញាបត្របញ្ជាក់ជំនាញ។

៣) ការអនុវត្តម័តលើគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងសហគមន៍ និងឡាប៊ែលអាស៊ានស្តីពីសុវត្ថិភាព និងភាពកក់ក្តៅ (ASEAN Stamp: Warm & Safe) ក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ានអំឡុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។

៤) ការអនុម័តលើបច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន (the 2nd Edition ASEAN Community-Based Tourism Standard) ដែលរៀបចំដោយកម្ពុជាផ្ទាល់។

៥) នឹងអនុម័តលើសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីបរិវត្តកម្មនៃទេសចរណ៍អាស៊ាន (Phnom Penh Declaration on Transforming ASEAN Tourism) ដែលរៀបចំដោយកម្ពុជា ដើម្បីដាក់ស្នើសុំការអនុម័ត នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលជាសមិទ្ធផល អាទិភាពរបស់កម្ពុជាក្នុងឆ្នាំ២០២២។

សូមបញ្ជាក់ថា ឯកសារខាងលើ នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដើម្បីសុំការណែនាំ និងតម្រង់ទិស សម្រាប់ការអនុវត្ត ក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងទៀត៕

 

អត្ថបទដែលជាប់ទាក់ទង