ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ស្នើលេខាធិការដ្ឋានអាស៊ានបន្ត ផ្ដល់ការគាំទ្រ និងជ្រោមជ្រែង ដល់ដំណើរការជាប្រធានអាស៊ាន របស់កម្ពុជា ជាពិសេស ការរៀបចំកិច្ចប្រជុំរដ្ឋ មន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន

45

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ១៦ ដល់ ១៧ ខែ មករា ឆ្នាំ ២០២២, នារសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រីអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា អគ្គលេខាធិការដ្ឋានអាស៊ាន បានបន្តកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់ដំណើរការ កសាងសហគមន៍អាស៊ានកន្លងមក ក្នុងគោលដៅសម្រេចបាន នូវការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ស្ថិរភាព និងភាពធន់ក្នុងតំបន់ តាមរយៈការសម្របសម្រួល និងជំរុញការអនុវត្តគំនិតផ្តួចផ្តើមនានា ជាពិសេស ការផ្តល់ សេវាគាំទ្រដល់ប្រធានអាស៊ាន ដើម្បីសម្រេចបាននូវលទ្ធផលផ្លែផ្កាក្នុងអាណត្តិរបស់ខ្លួនជារៀងរាល់ឆ្នាំ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងអាណត្តិជាប្រធានអាស៊ាននៅឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវរៀបចំកិច្ចប្រជុំសំខាន់ៗមួយចំនួន ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ទេសាភិបាលធនាគារកណ្តាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងអំឡុងចុងខែ មីនា ឆ្នាំ ២០២២ នេះ ។

ដើម្បីគាំទ្រដល់មូលបទអាស៊ានឆ្នាំ ២០២២ ស្ដីពី“អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា(ASEAN A.C.T.: Addressing Challenges Together), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសហប្រធាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន បានកំណត់នូវអាទិភាពចំនួន ៣ រួមមាន

១. ការស្តារឡើងវិញ (Recovery),

២. ការកសាងភាពផន (Resiliency) និង

៣. ការរួបរួមគ្នា(Togetherness) ។

ផ្អែកលើអាទិភាពទាំង ៣ នេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំសមិទ្ធិផលសេដ្ឋកិច្ច អាទិភាព (Priority Econornic Deliverables) ក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន ដោយផ្តោតសំខាន់លើ ការពង្រឹងសកម្មភាពរួមគ្នា ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលលោក និងឆ្ពោះទៅរក ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព និងភាពធន់ តាមរយះការលើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងជាមួយដៃគូស៊ីជម្រៅ, ការជំរុញហិរញ្ញវត្ថុ ប្រកបដោយចីរភាព (Sustainable Finance) ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ការអភិវឌ្ឍតំបន់ ប្រកបដោយចីរភាព, ការជំរុញហិរញ្ញវត្ថុឌីជីថល និងការធានានូវស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ។

ជាទិសដៅបន្ត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើលេខាធិការដ្ឋានអាស៊ានបន្ត ផ្ដល់ការគាំទ្រ និងជ្រោមជ្រែងដល់ដំណើរការ ជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេស ការរៀបចំកិច្ចប្រជុំរដ្ឋ មន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន និងការរៀបចំជា Showcase Event មួយ រួមជាមួយស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ និងលទ្ធផលផ្លែផ្កា សម្រាប់ជាប្រយោជន៍ដល់ ការអភិវឌ្ឍតំបន់ ប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន ។
ក្នុងន័យនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ ក្រុមការងារបច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានអាស៊ាន បន្តធ្វើកិច្ចសហការលើការរៀបចំខ្លឹមសារនៃកិច្ចប្រជុំ ក៏ដូចជាកិច្ចការរៀបចំផ្សេងៗទៀត ដើម្បីធានាបាននូវ ប្រសិទ្ធភាពខ្ពស់នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង កិច្ចសហការឱ្យកាន់តែល្អិតរមួត បន្ថែមទៀត ដើម្បីឱ្យកម្ពុជាបំពេញ ភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរក សុខ-សន្តិភាព និងវិបុលភាពជារួម សំដៅបន្តបេសកកម្មក្នុងការកសាង សហគមន៍អាស៊ាន ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង