ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល ៖ ផលប៉ះពាល់ នៃកង្វះមីក្រូសារជាតិ ទៅលើសុខភាពរាងកាយ និងសតិបញ្ញាស្មារតីអាចមានទំហំធំធេង និងធ្ងន់ធ្ងរ

52

ភ្នំពេញ÷ លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួង សុខាភិបាលបានលើកឡើងថា យោង តាមរបាយការណ៍ អង្គការសហប្រជាតិក្នុងឆ្នាំ២០១៣បានបង្ហាញថា ប្រទេសកម្ពុជាយើងមាន យុវជនអាយុក្រោម៣០ ឆ្នាំប្រមាណ ៦៥.៣ %នៃប្រជាជនសរុប។ នេះគឺជាកម្លាំងស្នូលនិងសក្តានុពលមួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្នក៍ដូចជាថ្ងៃអនាគត។ យុវ ជនកម្ពុជាបាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងវិស័យសង្គម វប្បធម៍ សេដ្ឋ កិច្ច និងនយោបាយ។ ពួកគេមិនត្រឹមតែបានចូលរួមរាល់សកម្មភាពទាំងនោះទេ តែក៍បានក្លាយជាអ្នកដឹកនាំក្នុងវិស័យមួយចំនួនផងដែរ។

ពួកគេក៏ជាតួអង្គដ៏សំខាន់មួយក្នុងការជួយជំរុញការផ្លាស់ប្តូរនិងជាអ្នក ដឹកនាំមិនអាចខ្វះបានដើម្បីចូលរួមលើកម្ពស់ការយល់ដឹងអាហា រូបត្ថម្ភ របបអាហារសុខភាព និងសុវត្ថិ ភាពចំណីអាហារ ដើម្បីរួមចំណែកកាត់ បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។ លោកជំទាវបន្តថា ថ្វីត្បិតតែយុវជនមានឱកាសចូលរួមស្ទើរតែគ្រប់វិស័យក្នុងសង្គមក៏ដោយ តែយុវជនយើងក៏នៅមានបញ្ហាប្រឈមមួយចំនួនជាពិសេសបញ្ហាសុខភាពនិងអាហារូប ត្ថម្ភដូចជាកង្វះមីក្រូសារជាតិ ស្លេកស្លាំង ស្គមស្គាំង និងធាត់ជ្រុល ដែលបណ្តាលមកពីកត្តាចំណេះដឹង និងការផ្លាស់ប្តូរឥរិយាបថលើផ្នែកសុខភាព និងអាហា រូបត្ថម្ភនៅមានកម្រិត។ លោកជំទាវបន្ថែមថា ផ្អែកលើលទ្ធផលការអង្កេតប្រជាសា ស្ត្រនិងសុខភាពឆ្នាំ២០១៤ បានបង្ហា ញថា ស្រ្តីក្នុងវ័យបន្តពូជចំនួន១៤% មានទម្ងន់ទាបក្រោមស្តង់ដារ និង ៤៥ %មានបញ្ហាស្លេកស្លាំង ហើយលើសពីនេះទៀតស្រ្តីក្នុងវ័យបន្តពូជចំនួន ១៨% មានបញ្ហាលើសទម្ងន់។

លោកជំទាវបន្តថា ពាក់ព័ន្ធនឹងបញ្ហាកង្វះមីក្រូសារជាតិវិញ យើងឃើញថាស្ត្រីចំនួន ៦២% មានបញ្ហាកង្វះជាតិស័ង្ក សី។ កង្វះជាតិហ្វូលេតក៏នៅតែជាបញ្ហាដែល ប៉ះពាល់ដល់ស្ត្រី១៨%។ កង្វះជីវជាតិ D ក៏ជាបញ្ហាសុខភាពសាធា រណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ ដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា ៣១%។ លើសពីនេះទៀតស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូតនៅក្នុងទឹកនោម មិនគ្រប់គ្រាន់តាមស្តង់ដារឡើយ។ កង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថា ស្ថិតនៅកំរិតដែលមានមានបញ្ហាផងដែរ។ ដូចដែលយើងបានដឹងរួចមកហើយថា មីក្រូសារជាតិជួយបំពេញមុខងារជាច្រើន រួមទាំងធ្វើឱ្យរាងកាយផលិតអង់ស៊ីមអរម៉ូន និងសារធាតុដទៃទៀតដែលត្រូវការ សម្រាប់ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីធម្មតា របស់មនុស្សយើង។ ផលប៉ះពាល់នៃកង្វះមីក្រូសារជាតិ ទៅលើសុខភាពរាងកាយនិងសតិបញ្ញា ស្មារតីអាចមានទំហំធំធេងនិងធ្ងន់ធ្ងរ ជា ពិសេ សបញ្ហាកូនកើតមកមិនគ្រប់ទម្ងន់ ប្រសិនបើយើងមើលរំលងនិងមិនបានយកចិត្តទុកដាក់ខ្ពស់។

ម្យ៉ាងវិញទៀតស្ត្រីក្នុងវ័យបន្តពូជជាច្រើននាក់នៅកម្ពុជា មានទម្លាប់បរិភោគអាហារ ដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាប់ទាំងមុនក៏ដូចជាក្នុងអំឡុងពេលមានផ្ទៃពោះនិងក្នុងពេលបំបៅដោះកូន។ ស្ត្រីជាច្រើននាក់បានយល់ដឹង ពីអ្វីដែលស្ត្រីគួរធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជាបរិភោគអាហារដែលនាំ មកនូវសុខភាពល្អប៉ុន្តែពួកគេ ពុំបានដឹងច្បាស់ថាប្រភេទអាហារណា ខ្លះដែលសម្បូរសារជាតិចិញ្ចឹម បរិមាណអាហារប៉ុណ្ណាត្រូវបរិភោគ ដែលនាំឱ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អ និងសារៈសំខាន់នៃការឡើងទម្ងន់ ក្នុងអំឡុងពេលមានផ្ទៃពោះ។ កត្តាទាំងនេះអាចកើតមានឡើង ដោយសារតែស្ត្រីពុំបានទទួលការផ្ដល់ប្រឹក្សាអាហា រូបត្ថម្ភឱ្យបានត្រឹមត្រូវ។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល យុវជនជើងឯកអាហារូបត្ថម្ភ ស្តីពី “មូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារ សុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សណ្ឋាគារភ្នំពេញ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅពេលដែលប្អូនៗ មានបញ្ហាកង្វះអាហារូបត្ថម្ភ នោះប្អូនៗនឹងបន្តមរតកដ៏គួរឲ្យភ័យខ្លាចនេះ ដល់កូនរបស់ប្អូនៗជំនាន់ ក្រោយបន្តទៀតដោយមិនដឹងខ្លួន។ នៅពេលដែលកូនរបស់ប្អូនៗ ទទួលមរតកកង្វះអាហារូបត្ថម្ភពីប្អូនៗ ពួកគេនឹងបាត់បង់ឱកាសយ៉ាងច្រើន ក្នុងការទទួលបានការលូតលាស់រាងកាយ ដែលមានលក្ខណៈស្តង់ដារ ពោលគឺមានលក្ខណៈក្រិសក្រិនទាប តឿមិនស្អាតសង្ហារដូចកូនគេ ដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់នោះទេ ហើយលើសពីនេះទៀតកូនៗ របស់ប្អូននឹងមានបញ្ហាប៉ះពាល់ដ៏ធ្ងន់ធ្ងរ លើការអភិវឌ្ឍផ្នែកខួរក្បាល និងសតិបញ្ញាស្មារតី។ អ្នកវិទ្យាសាស្ត្របានរកឃើញថា កាលណាកុមារមានបញ្ហា កង្វះអាហារូបត្ថម្ភដូចជាស្គាំងស្គម ក្រិសក្រិន និងកង្វះមីក្រូសារជាតិពួកគេនឹងរៀនមិនពូកែ រៀនត្រួតថ្នាក់ និងកាត់បន្ថយសក្តា នុពលនៃការរកប្រាក់ចំណូល២២% នៅពេលពួកគេធំពេញវ័យ។ ការសិក្សាសាកលបានបង្ហាញថា កុមារដែលឈឺញឹកញាប់នឹងមា នបញ្ហាកង្វះអាហា រូបត្ថម្ភ ក្រុមគ្រួសារមានជីវភាពក្រីក្រត្រូវ ចំណាយថវិការចំនួន២០% នៃចំណូលសរុបដើម្បីព្យាបាលពួកគេ ដែលនឹងប៉ះពាល់ដល់ប្រាក់ចំណូល ក្នុងគ្រួសារនិងប្រទេសជាតិទាំងមូល ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង