ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពបច្ចុប្បន្ន បានប្រសើរហើយ សម្ដេចតេជោ បានស្នើឲ្យមានការជំរុញការធ្វើដំណើរក្នុងអាស៊ាន ជាពិសេសគួរពិនិត្យឡើងវិញ នូវការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងវិស័យទេសចរណ៍នេះ

280

 

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានដឹកនាំដោយឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។
នៅក្នុងជំនួបដែលធ្វើឡើង នៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំង។ អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន និងកំពុងធ្វើកន្លងទៅនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីធ្វើយ៉ាងណាស្ដារវិស័យទេសចរណ៍ នៅក្នុងតំបន់អាស៊ាន។

សម្ដេចតេជោបានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហានៃជំងឺកូវីដ-១៩បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជាក៏ដូចជា ទេសចរណ៍ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្ដែងមុនពេលមានជំងឺកូវីដ-១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណជា ៦ លាននាក់ ហើយក្រោយពេលមានជំងឺកូវីដ-១៩ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់មកត្រឹម២ម៉ឺននាក់ប៉ុណ្ណោះ ។

សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជួយ ដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នេះ។
សម្ដេចតេជោក៏បានជម្រាបជូន ដល់បណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កម្ពុជាខិតខំជំរុញការចាក់វ៉ាក់សាំងដូសជំរុញ គឺដូសទី៣និងដូសទី៤សម្រាប់អ្នកដែលស្ថិតនៅជួរមុខ។ ដែលកត្តាទាំងអស់នេះធ្វើឲ្យកម្ពុជាអាចមានឱកាសបើកប្រទេសជាតិឡើងវិញ។

សម្ដេចបានគូសបញ្ជាក់ថា ពេលយើងមានវ៉ាក់សាំងកូវីដ-១៩ យើងបានឃើញថា សមាជិកអាស៊ាននីមួយៗបានចាត់វិធានការខុសៗគ្នា ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ សម្ដេចតេជោក៏បានគូសបញ្ជាក់ អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលឆ្នាំ ២០២០ ដោយសារឥទ្ធិពលនៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១កន្លងទៅបានឡើងជាង៣% ឯណោះ ខណ:ធនាគារពិភពលោកបានទស្សន៍ទាយថា អាចកើនឡើងបានប្រមាណ២% ប៉ុន្តែជាក់ស្ដែងបានកើនឡើងរហូតដល់ជាង៣%ឯណោះ។

សម្ដេចតេជោបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នបានប្រសើរហើយៗសម្ដេច បានស្នើឲ្យមានការជំរុញការធ្វើដំណើរ ក្នុងអាស៊ានជាពិសេសគួរពិនិត្យឡើងវិញ នូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍នេះ ដោយសម្តេចស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះ ពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់ នៃសេដ្ឋកិច្ចម្យ៉ាងទៀតដោយសារទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាការសំខាន់ផងដែរ។ សម្ដេចតេជោ បានជម្រាបជូនបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ចរហូតដល់ ៣ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយឥឡូវនេះ រាជរដ្ឋាភិបាលក៏បានបង្កើតប៉ូលទី៤ ផងដែរ នៅប៉ែកឦសានប្រទេសដែលមាន ឧស្សាហកម្ម កសិកម្ម មានដូចជាកាហ្វេ និងគ្រាប់ស្វាយចន្ទីជាដើម។

សម្ដេចតេជោបានគូសបញ្ជាក់ អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយ កម្ពុជាបានចាយថវិកាមួយចំនួនក្នុងការកសាងបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។ សម្ដេចតេជោបានគូសបញ្ជាក់ថា យើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿន នៅពេលខាងមុខពីភ្នំពេញទៅខេត្តព្រះសីហនុ ហើយកំពុងពិចារណា លើការកសាងផ្លូវរថភ្លើងល្បឿនលឿនផងដែរ រវាងភ្នំពេញ និងប្រទេសថៃ និងភ្នំពេញប្រទេសវៀតណាមនៅពេលអនាគត។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា
ឯកឧត្តមពិតជាថ្លែងអំណរគុណ ដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច នៅក្នុងកម្មវិធីបើកវេទិកាទេសចរណ៍អាស៊ាន ក៏ដូចជាក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ អាស៊ានផងដែរ។​
ឯកឧត្តមបន្តថា អ្វីដែលសម្ដេចបានលើកឡើង ក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសឧស្សាហកម្មទេសចរណ៍ជាតែម្ដង ដែលកន្លងមកមានការប៉ះពាល់យ៉ាងខ្លាំង ដោយសារការជះឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ឯកឧត្តមថាអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ដល់វត្តមាន និងសន្ទរកថារបស់សម្ដេច បានលើកទឹកចិត្តនិងណែនាំឲ្យបណ្ដាប្រទេសអាស៊ាន បន្តខិតខំក្នុងការជំរុញធ្វើយ៉ាងណាឱ្យបានជាលទ្ធផលផ្លែផ្កា ជាក់ស្ដែងនៅពេលខាងមុខហើយឯកឧត្តម ក៏បានសាទរកម្ពុជាដែលបានបើកវេទិកាទេសចរណ៍អាស៊ាន លើកដំបូងក្នុងរយៈពេល២ឆ្នាំ ដោយសារយើងមិនបានរៀបចំពីមុនមកដោយសារបញ្ហាកូវីដ-១៩។
ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះ ជាជោគជ័យហើយកន្លែងដែលល្អ ក្នុងការជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះ គឺល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមមានប្រសាសន៍ផងដែរថា ការដែលយើងរៀបចំបើកឡើងវិញ វេទិកាទេសចរណ៍អាស៊ាននេះ ក៏បញ្ជាក់អំពីការបើកឡើងវិញ នៃទេសចរណ៍អាស៊ានផងដែរ។

ឯកឧត្តមបញ្ជាក់ថា កន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា GDPស្មើនឹង១៤,៣%នៃ GDPអាស៊ានសរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ាន គឺស្មើប្រមាណជាង១៣%ឯណោះ។
ដូច្នេះវិស័យទេសចរណ៍នេះ សំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ាន ហើយក៏ជាផ្នែកមួយដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។
ឯកឧត្តមបានបញ្ជាក់សារជាថ្មីថា ការប្រជុំនៅខេត្តព្រះសីហនុ សម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះ គឺបានបញ្ជូនសារសំខាន់ណាស់ អំពីការធ្វើដំណើរសម្រាប់ទេសចរណ៍ក្នុងអាស៊ានឡើងវិញ ក៏ដូចជាសម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថា វិស័យទេសចរណ៍អាស៊ានបានបើកឡើងវិញហើយ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមគូសបញ្ជាក់ថានៅប្រទេសកម្ពុជា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នឹងអនុម័តលើឯកសារមួយចំនួន ជាពិសេសក្នុងការស្ដារឡើងវិញ លើវិស័យទេសចរណ៍ក្រៅពីកូវីដ-១៩ ហើយជាពិសេសទៀត សេចក្តីប្រកាសទីក្រុងភ្នំពេញនេះ ធ្វើយ៉ាងណាជំរុញទេសចរណ៍ដែលមានលក្ខណៈធន់ និងបត់បែន។ ឯកឧត្តមបញ្ជាក់ដែរថា ការងារអាទិភាពរបស់កម្ពុជាឆ្នាំនេះ ក្នុងក្របខណ្ឌវិស័យទេសចរណ៍ គឺជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចអាស៊ានងើបឡើងវិញ ហើយវិស័យទេសចរណ៍នេះ គឺអាចចូលរួមក្នុងការអនុវត្ត នូវគំនិតផ្ដួចផ្ដើមមួយចំនួន ក្នុងការជួយជម្រុញសេដ្ឋកិច្ចអាស៊ាន ក្នុងការពង្រឹងវិស័យទេសចរណ៍អាស៊ាន ជាពិសេសដល់អ្នកដែលប្រកបអាជីព លើវិស័យទេសចរណ៍នេះ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ទៀតថា យើងនឹងបន្តធ្វើការយ៉ាងជិតស្និត ជាមួយបណ្ដាសមាជិកអាស៊ានទាំងអស់ ធ្វើយ៉ាងម៉េចបើកឡើងវិញ វិស័យទេសចរណ៍ហើយសំខាន់ណាស់អ្វី ដែលសម្ដេចតេជោបានស្នើឲ្យអាស៊ាន ធ្វើយ៉ាងណារៀបចំបើកនិងអនុវត្តរបៀងអាស៊ាន សម្រាប់ការធ្វើដំណើររបស់អាស៊ាន យើងមានផែនការក្នុងការបើក និងជំរុញជាពិសេសការធ្វើដំណើរទេសចរណ៍ នៅពេលខាងមុខនេះ ជាពិសេសពាក់ព័ន្ធផ្នែកផ្សេងៗទៀត ដូចជាសុខាភិបាល ដឹកជញ្ជូននិងការបរទេស។

ដូច្នេះអគ្គលេខាធិការ បានសន្យា​ជាមួយសម្ដេចតេជោថា អគ្គលេខាធិការអាស៊ាន នឹងខិតខំធ្វើការងារជាមួយសមាជិកអាស៊ានដៃគូ ពាក់ព័ន្ធនឹងវិស័យមួយចំនួនធ្វើយ៉ាងណាជំរុញ ឲ្យអនុវត្តបានក្នុងការធ្វើដំណើរនៅក្នុងក្របខ័ណ្ឌអាស៊ាន ប៉ុន្តែអ្វីដែលចាំបាច់ គឺត្រូវរៀបចំឱ្យមានផែនការសកម្មភាព ហើយការងារនិងលើកយកមកពិភាក្សានៅក្នុងខែមិនាខាងមុខ នៅពេលរដ្ឋមន្ត្រីសុខាភិបាលជួបគ្នានៅពេលខាងមុខ។

អគ្គលេខាធិការអាស៊ានបានសន្យាថា នឹងធ្វើការងារនេះជាមួយ និងវិស័យពាក់ព័ន្ធទាំងអស់ខិតខំជំរុញយ៉ាងណា ឲ្យវិស័យទេសចរណ៍កំរើកឡើងវិញ។ អគ្គលេខាធិការអាស៊ាន ក៏បានថ្លែងអំណរគុណ ក្នុងភាពជាអ្នកដឹកនាំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ភាពកក់ក្តៅនិងលើកទឹកចិត្ត ជាពិសេសសារក្នុងសន្ទរកថា របស់សម្ដេចគឺបានខិតខំជំរុញធ្វើយ៉ាងណា ឱ្យវិស័យទេសចរណ៍បានប្រសើរជាងមុន និងចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចអាស៊ាន បានប្រសើរជាងមុន៕

អត្ថបទដែលជាប់ទាក់ទង