ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គយ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន រួមគ្នាដោះស្រាយនូវបញ្ហា និងសំណូមពរមួយចំនួន របស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ

369

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន បានប្រារព្ធកិច្ចសន្ទនាលើកទី៥ តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងបន្តពិនិត្យដោះស្រាយនូវបញ្ហា និងសំណូមពរមួយចំនួន របស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងការបំពេញបែបបទគយ នារសៀលថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

កិច្ចសន្ទនានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក KANDA Yogo ប្រធាន JBAC ដោយមានការចូលរួមពី តំណាង JBAC, ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), ស្ថាប័នធុរកិច្ចជប៉ុននៅក្រៅប្រទេស (JETRO) និងថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករ ចំនួនប្រមាណ៧០រូប។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងថា សមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន និង JICA បានផ្តួចផ្តើមគំនិតស្នើសុំឲ្យមានកិច្ចសន្ទនានេះឡើង ។ ឯកឧត្តម បានលើកឡើងថា នាឆ្នាំ២០២០ និង២០២១កន្លងទៅនេះ ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមាន ដល់សកម្មភាពពាណិជ្ជកម្មអន្តរជាតិជាសាកល រួមទាំងកម្ពុជាផងដែរ។ ដើម្បីទ្រទ្រង់ស្ថានការនេះឡើងវិញ តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋបាលគយ និងវិស័យឯកជនដើម្បីពង្រឹងប្រសិទ្ធភាពនៃការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច ចូលរួមបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ វេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន, យន្តការភាពជាដៃគូគយ-ផ្នែកឯកជន, និងយន្តការប្រឹក្សាយោបល់រវាងគយជាមួយសមាគមធុរកិច្ចផ្សេងទៀត ត្រូវតែបន្តរៀបចំផងដែរ។

ថ្លែងក្នុងពិធីបើកកិច្ចសន្ទនា លោក KANDA Yogo ប្រធាន JBAC បានថ្លែងអំណរគុណដល់ អគរ ដែលបានរៀបចំកិច្ចសន្ទនានេះឡើង និងបានធ្វើការកត់សម្គាល់ពីវិធានការកែលម្អនានាដែល អគរ បានដាក់ចេញនាពេលកន្លងមក។

កិច្ចសន្ទនាបានពិនិត្យពិភាក្សា និងបំភ្លឺលើសំណូមពរ និងបញ្ហាដែលបានលើកឡើងដោយ JBAC ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការដាក់ឱ្យដំណើរការបណ្តោះអាសន្នមាត់ច្រកស្ទឹងបត់-បានណងអៀន រួមទាំងការរៀបចំការិយាល័យធ្វើការបណ្តោះអាសន្ន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ Single Stop Inspection, ការងារពង្រីកមុខងារប្រព័ន្ធអាស៊ីគូដា, កាត់បន្ថយឯកសារភ្ជាប់ក្នុងទម្រង់ក្រដាស, ការវាយបញ្ចូលទិន្នន័យស្ទួនគ្នា២ដង ក្នុងប្រតិវេទន៍តម្លៃគិតពន្ធគយក្នុងប្រព័ន្ធ CVDS និងប្រតិវេទន៍ SAD នាពេលបំពេញបែបបទបញ្ចេញទំនិញពីគយនាមាត់ច្រកព្រំដែន, ការអនុវត្តនីតិវិធី Pre-arrival processing ក្រោមគម្រោងជំនួយរបស់ ARISE Plus, ការកែសម្រួលអំពី រយៈពេលនៃការរក្សាទុកឯកសារ, ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច និងមន្រ្តីទំនាក់ទំនងរបស់អគរ។

ទន្ទឹមនឹងការដោះស្រាយនូវបញ្ហាខាងលើ ឯកឧត្តមបណ្ឌិត គុណ ញឹម បានឯកភាពទទួលយកសំណើរ របស់ JBAC ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ (Briefing Session) អំពីវឌ្ឍនភាពនៃបទប្បញ្ញត្តិជាធរមាន ជាពិសេសការពង្រីកមុខងារប្រព័ន្ធអាស៊ីគូដាជំនាន់ចុងក្រោយ និងការងារពាក់ព័ន្ធផ្សេងទៀត ជូនសមាជិក JBAC។ អគរ នឹងធ្វើការបន្តជាមួយ JBAC ដើម្បីកំណត់យកប្រធានបទ និងពេលវេលា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ នាពេលឆាប់ៗនេះ។

ជាមួយគ្នានេះ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅប្រទេសកម្ពុជា (JICA) ក៏បានជម្រាបអង្គប្រជុំពីគម្រោងជំនួយសំខាន់ៗ លើការគាំទ្រ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដូចជាវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរវាងអគរ និង JICA។ JICA បានផ្តល់ការគាំទ្រដល់អគរ ជាង១០ឆ្នាំមកហើយ ដោយបានផ្តល់នូវអ្នកជំនាញការរយៈពេលវែងប្រចាំនៅអគរ លើការងារគោលនយោបាយ និងរដ្ឋបាលគយ, ផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនមន្រ្តីគយនិងរដ្ឋាករ, ផ្តល់សម្ភារៈបរិក្ខារអនាម័យដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩, ការចូលរួមគាំទ្រក្នុងការសិក្សារយៈពេលបញ្ចេញទំនិញ, ការបកប្រែបទប្បញ្ញត្តិគយជាភាសាអង់គ្លេស ដើម្បីដាក់ផ្សព្វផ្សាយក្នុងគេហទំព័រគយ, គម្រោងរៀបចំតំបន់កំពង់ផែសេរី (Free Port Zone)នៅក្រុងព្រះសីហនុ ជាដើម។
ក្នុងកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាង JBAC, JICA, JETRO បានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង