ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមចោរឆក់ ចំនួន៣នាក់ទៅកាន់តុលាការ

24

 

ភ្នំពេញ:នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃ ការិយាល័យប្រឆាំង បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខសាលារៀន IU ស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖
១-ឈ្មោះ សុខ សុវណ្ណឧត្តមរង្សី ហៅ តូ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរដឹកឥវ៉ាន់ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
២-ឈ្មោះ ទឹម ពុធសំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាងជួសជុលរថយន្ត ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
៣-ឈ្មោះ យេន វ៉ាន់នី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរលក់ដូរ ស្រុកកំណើត ខេត្តកំពត ទីលំនៅបច្ចុប្បន្ន ភូមិទួលពពែ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបាន បណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ អាវុធហត្ថខណ្ឌកំបូល និងអាវុធហត្ថស្រុកអង្គស្នួល បានស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅចំណុចមាត់ស្ទឹង ភូមិប្រាំបីមុំ ស្រុកអង្គស្នួល ខេត្តកណ្តាល យកមកធ្វើការសាកសួរ។ ក្រោមវិធានការជំនាញជនសង្ស័យ ទាំងបីនាក់ខាងលើបានសារភាពឲ្យដឹងដូចគ្នា ពួកខ្លួន និងបក្ខពួកផ្សេងទៀត បានចូលរួមធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ ពិតប្រាកដមែន។ បក្ខពួកជនសង្ស័យ ដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។ ចំណែកវត្ថុតាងទូរស័ព្ទដៃ បានប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យឈ្មោះ សុខ សុវណ្ណឧត្តមរង្សី ហៅ តូ ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិមានតម្លៃ ពីប្រជាពលរដ្ឋជាច្រើនលើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន០៣ឆ្នាំមកហើយ។

ជនសង្ស័យ ទឹម ពុធសំណាង ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេលជាង២ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង