ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេស កម្ពុជា-បារាំង ផ្លាស់ប្តូរយោបល់ ពាក់ព័ន្ធនឹងវិបត្តិ នៅប្រទេស មីយ៉ាន់ម៉ា

227

 

ភ្នំពេញ ៖ ក្នុងខណៈដែលកម្ពុជាជាប្រធានអាស៊ាន និងបារាំងជាប្រធានសហភាពអឺរ៉ុប រដ្ឋមន្ត្រីការបរទេសទាំង ពីរបានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងលើបញ្ហាប្រឈម សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងភាពតានតឹងក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងវិបត្តិនៅប្រទេស មីយ៉ាន់ម៉ា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២លទ្ធផលកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។

នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាម ទូរស័ព្ទជាមួយ ឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋ បារាំង ។ ព្រះរាជាណាចក្រកម្ពុជា កាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ខណៈពេល សាធារណរដ្ឋបារាំង កាន់តំណែងជាប្រធានសហភាពអឺរ៉ុបសម្រាប់ឆមាសទីមួយក្នុងឆ្នាំនេះ។

ចំពោះទំនាក់ទំនងទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងកក់ក្តចំពោះ ឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ ដែលបានផ្ញើសារលិខិតដ៏មានអត្ថន័យក្នុងឱកាសខួបទី៣០ នៃពិធី រំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នៅ រាជធានីភ្នំពេញ និងចំពោះការរួមចំណែករបស់បារាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើវិស័យជាច្រើន ដូចជាការអប់រំ សុខភាព វប្បធម៌ ការការពារជាតិ យុត្តិធម៌ កសិកម្ម ទេសចរណ៍ អគ្គិសនី ការប្រែប្រួល អាកាសធាតុ ជាដើម។ ប្រទេសបារាំងជាស្ថាបត្យករដ៏សំខាន់មួយរូប និងជាសហប្រធាននៃសន្និសីទ ទីក្រុងប៉ារីសស្តីពីកម្ពុជា ហើយបារាំងគឺជាអ្នករួមចំណែកដ៏សំខាន់មួយផងដែរ ក្នុងការស្ដារសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ អំពីលទ្ធផលនៃដំណោះទេ ទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើឡើងនៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្នុងគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុច ដែលប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នានៅទីក្រុងហ្សាការតា កាលពី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវខ្លឹមសារនៃកិច្ច សន្ទនាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមករា កន្លងទៅនេះ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេស មីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់ថា បំណងតែមួយគត់របស់កម្ពុជា គឺជួយប្រទេសមីយ៉ាន់ម៉ាឱ្យវិលទៅរក ប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា សម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិរវាងគ្រប់ ភាគីពាក់ព័ន្ធ ហើយរិះរកវិធីផ្ដល់ជំនួយមនុស្សធម៌រួមទាំងវ៉ាក់សាំងផងដែរ ដល់ពលរដ្ឋទាំងអស់ ដែលកំពុងត្រូវការចាំបាច់ ដោយពុំមានការរើសអើង។

ឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ បានសម្តែងការគាំទ្រចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា មជ្ឈភាពអាស៊ាន តាមរយៈយន្តការនានាដឹកនាំដោយអាស៊ាននៅក្នុងនិមាបនកម្មតំបន់ដែលកំពុងវិវត្ត ក៏ដូចជាទស្សនៈវិស័យរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ ឯកឧត្តម បានបញ្ជាក់ពីការគាំទ្រចំពោះ កុងសង់ស៊ីសទាំង៥ចំណុចសម្រាប់ការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានកត់ សម្គាល់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេស មីយ៉ាន់ម៉ា និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនាពេលថ្មីៗនេះនៅក្នុងប្រទេស មីយ៉ាន់ម៉ា។ បារាំងបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។

ឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ ក៏បានលើកឡើងអំពីសារៈសំខាន់នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាទិភាព របស់បារាំងនៅក្នុងតំបន់នេះ ដោយបានសង្កត់ធ្ងន់ថា ប្រទេសបារាំងក្នុងនាមជាប្រធានសហភាព អឺរ៉ុប នឹងរៀបចំវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំង២៧ នៃសហភាពអឺរ៉ុប តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ គណៈកម្មការអ៊ឺរ៉ុបពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសជាច្រើនរូបមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងត្រូវបាន អញ្ជើញចូលរួម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលការអញ្ជើញឡើងថ្លែងសុន្ទរកថា បើកក្នុងវេទិការខាងលើ ក្នុងនាមជាប្រធានអាស៊ាន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសន្យាថា ឯកឧត្តមរីករាយនឹងចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ដ៏ សំខាន់នេះនៅទីក្រុងប៉ារីសប្រទេសបារាំង៕

អត្ថបទដែលជាប់ទាក់ទង