ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការពាណិជ្ជកម្មពិភពលោក អនុញ្ញាតឱ្យប្រទេសចិន ដកហូតពន្ធគយតម្លៃ ៦៤៥លានដុល្លារ លើទំនិញនាំចូលពីអាមេរិកក្នុងមួយឆ្នាំ

362

 

ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃពុធបានផ្តល់ ជ័យជម្នះមួយទៅឱ្យប្រទេសចិន ដែលអនុញ្ញាតឱ្យប្រទេសនេះដកហូតពន្ធគយតម្លៃ ៦៤៥លានដុល្លារលើទំនិញ នាំចូលពីអាមេរិកក្នុងមួយឆ្នាំ នៅក្នុងជម្លោះពន្ធប្រឆាំង ការលក់បង្ខូចថ្លៃជាយូរមកហើយជាមួយក្រុងវ៉ាស៊ីនតោន។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សហរដ្ឋអាមេរិកដែលមិន អាចប្តឹងឧទ្ធរណ៍បានប្រឆាំងនឹង សេចក្តីសម្រេចនេះ បានហៅការសម្រេចនេះថាជា «ការខកចិត្តយ៉ាងខ្លាំង» និងបានឱ្យដឹងថា ខ្លួននៅតែទាមទារឱ្យមានការ ធ្វើកំណែទម្រង់ច្បាប់របស់អង្គការ WTO ដោយនិយាយថា ច្បាប់ទាំងនេះកំពុងត្រូវបាន ប្រើប្រាស់ដើម្បី «ការពារ» ប្រទេសចិន។

មជ្ឈិតកររបស់អង្គការ WTO បានសម្រេចថា៖ «ទាក់ទងនឹងជម្លោះរបស់គួភាគី និងភស្តុតាងនៅក្នុងកិច្ច ដំណើរការនីតិវិធីទាំងនេះ យើងបានកំណត់ថា កម្រិតសមស្របគឺ ៦៤៥,១២លានដុល្លារក្នុងមួយឆ្នាំ»។

ភ្លើងខៀវដែលផ្តល់ដោយអង្គការ WTO នេះ មិនមែនមានន័យថា ប្រទេសចិននឹងដកហូត ពន្ធដោយស្វ័យប្រវត្តិទាំងស្រុង ឬមួយផ្នែកទៅលើទំនិញ នាំចូលពីអាមេរិកឡើយ។

តួលេខនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីសម្រេចកម្រាស់ ៨៧ទំព័ររបស់ មជ្ឈិតកររបស់អង្គការ WTO ស្តីពីកម្រិតនៃវិធានការប្រឆាំងតបត ដែលទីក្រុងប៉េកាំងអាច ស្នើឡើងក្នុងជម្លោះរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងពន្ធលើទំនិញ នាំចូលដែលទទួលបានធនឧបត្ថម្ភ (CVD) របស់អាមេរិកលើផលិតចិនមួយចំនួន។

ជម្លោះនេះបានកើតមានឡើងនៅឆ្នាំ២០១២ នៅពេលដែលអង្គការ WTO បង្កើតក្រុមការងារជំនាញមួយ ដើម្បីជំនុំជម្រះដោះស្រាយ បណ្តឹងដែលប្តឹងដោយប្រទេសចិន ​ជុំវិញអ្វីដែលប្រទេសនេះហៅថា ជាការដកហូតពន្ធមិនយុត្តិធម៌ ដោយអាមេរិកលើទំនិញចិន។

ទីក្រុងវ៉ាស៊ីនតោនបានការពារការដកពន្ធបន្ថែម របស់ខ្លួនទៅលើផលិតផលចិន ដែលមានចាប់ពីម្រេចរហូត ដល់កង់រថយន្ត និងផ្ទាំងសូឡា ដោយលើកឡើងថា ផលិតផលទាំងនោះត្រូវបាន លក់បង្ខូចថ្លៃលើទីផ្សារ ដើម្បីជួយក្រុមហ៊ុនចិនឱ្យចាប់ យកចំណែកទីផ្សារ។

ស្ថាប័នដោះស្រាយជម្លោះរបស់អង្គការ WTO បានសម្រេចឱ្យចិនឈ្នះ ហើយសេចក្តីសម្រេចនេះ ត្រូវបានតម្កល់ដោយសាលក្រមឧទ្ធរណ៍ក្នុងឆ្នាំ២០១៤ ដែលត្រួសត្រាយផ្លូវឱ្យប្រទេសចិន ដកហូតពន្ធសងសឹកវិញ។

ដើមឡើយ ប្រទេសចិនបានស្នើ សុំដកហូតពន្ធសងសឹកតម្លៃ ២,៤ប៊ីលានដុល្លារទៅ លើទំនិញរបស់អាមេរិក ក្នុងមួយឆ្នាំ តែក្រោយមកត្រូវបាន កាត់បន្ថយមកនៅត្រឹម ៧៨៨,៧៥លានដុល្លារ។ សហរដ្ឋអាមេរិក បានលើកឡើងថា កម្រិតសមស្របគួតែមិន លើសពី ១០៦លានដុល្លារ ក្នុងមួយឆ្នាំឡើយ។ នេះបើយោងតាម AFP៕

អត្ថបទដែលជាប់ទាក់ទង