ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គេហទំព័រចំនួន ១២៣ ដែលកំពុងធ្វើប្រតិបត្តិការ និងផ្ដល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ខុសច្បាប់ ត្រូវនិយ័តករទូរគមនាគមន៍កម្ពុជា បិទខ្ទប់

78

 

ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) ក្នុងកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ន.ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ១២៣ ដែលកំពុងធ្វើប្រតិបត្តិការនិងផ្ដល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២២ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក) សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងកិច្ចសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ន.ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ១២៣ (ដូចមានភ្ជាប់ជូន) ដែលកំពុងធ្វើប្រតិបត្តិការនិងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ខុសច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ន.ទ.ក. ធ្លាប់បានចាត់វិធានការបិទគេហទំព័រដែលដំណើរការអាជីវកម្ម ប្រភេទនេះចំនួន ៧៩, រួចមកហើយ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានលេខ ២៣៩៨ ន. ទ. ក, ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ន. ទ. ក. នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធនិងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ ដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ដែលផ្ទុយច្បាប់ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ ក្នុងគោលដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀប រៀបរយក្នុងសង្គម។

ជាមួយគ្នានេះដែរ ន. ទ. ក. សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមរាយការណ៍ជូន ន.ទ. ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមបណ្តាញសង្គមFacebook: “និយ័តករទូរគមនាគមន៍កម្ពុជា -Telecommunication Regulator of Cambodia” នូវគេហទំព័រដែលកំពុងដំណើរការល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោតខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន៕

អត្ថបទដែលជាប់ទាក់ទង