ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហេង សំរិន ស្នើដល់បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ រក្សាឱ្យបាននូវស្មារតីសាមគ្គី ឯកភាពគ្នាខ្ពស់ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត

101

 

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវ ដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ទំាងអស់រក្សាឱ្យបាន នូវស្មារតី សាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥ បន្តទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងដូច្នេះ នៅក្នុងពិធីជួប សំណេះសំណាលជាមួយ ក្រុមការងារ និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ នាទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ សម្តេចក៏បានលើកឡើងបន្តថា ដើម្បីរក្សាឱ្យបាននូវ ប្រៀបឈ្នះគឺក្រុមការងារទំាងអស់ ត្រូវបន្តខិតខំចិញ្ចឹមចលនានយោបាយនៅមូលដ្ឋាន តាមរយៈការកសាង សមិទ្ធផលនានា ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និងសំណូមពរនានារបស់ប្រជាជន។

សម្តេចបានស្នើដល់ក្រុមការងារបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាព រស់នៅ និងសុខទុក្ខរបស់ប្រជាជន សំដៅដាក់ចេញគោលការណ៍ វិធានការដោះស្រាយបានជាក់ស្តែង និងសមស្រប។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់ ក្រុមការងារគណបក្សនៅ ខេត្តត្បូងឃ្មុំទាំងអស់ ត្រូវខិតខំបំផុសចលនាពង្រឹងសមាជិកបក្ស និងអ្នកគាំទ្រគណបក្សរៀបចំ ពិធីបញ្ចូលសមាជិកថ្មីៗ របស់គណបក្សឱ្យបាន សកម្មផុលផុសគ្រប់មូលដ្ឋាន និងត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រង សមាជិកបក្សតាមក្រុមបក្សនីមួយៗឱ្យបានច្បាស់លាស់ និងត្រូវធ្វើការជួបជុំ ជាមួយសមាជិកបក្ស និងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយអំពីស្នាដៃ សមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជំនឿ របស់សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស មកលើគណបក្សយើង។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
សម្តេចប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីទទួលបានជ័យជម្នះ ជូនគណបក្សនោះការងារទាំងអស់ មិនមែនជាកិច្ចការ ដោយឡែករបស់បេក្ខជននោះទេ តែជាការងារដែលត្រូវមាន កិច្ចសហការដឹកនាំ ពីក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ ដើម្បីធ្វើការងារទាំងនោះ ប្រកបដោយប្រសិទ្ធភាព ដោយត្រូវខិតខំអនុវត្តគ្រប់ការងារ ដែលត្រូវធ្វើបន្តតាម ការណែនាំរបស់ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងផែនការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុកបានដាក់ចេញ៕

អត្ថបទដែលជាប់ទាក់ទង