ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៥០ គ្រួសារ នៅសង្កាត់ទួលទំពូងទី២ បានទទួលអំណោយកាកបាទក្រហមកម្ពុជា..!

321

 

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២២នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដែលអមដំណើដោយ អភិបាលរងខណ្ឌ និង លោកចៅសង្កាត់ ,ព្រមទាំងអស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះជួបសំណេះសំណាលដោយសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមននៃរាជធានីភ្នំពេញ។

នាឱកាសនោះលោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានមានមតិលើកឡើងដោយជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋក្រីក្រដោយ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ដោយក្តីនឹករលឹក។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌចំការមនថេង សុថុល បានមានមតិលើកឡើងថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចទៅដល់បងប្អូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងឬអត់អាហារនោះឡើយ ហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។

លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងថា អំណោយមនុស្សធម៌ដែលបានចែក ជូនប្រជាពលរដ្ឋក្រីក្រទាំង៥០គ្រួសារនៅពេលនេះ គឺក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម. មី១កេស.ទឹកត្រី .ទឹកសុីអុីវ.ម៉ាស និងថវិកាផងដែរ។

ជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌចំការមនថេង សុថុល បានមានមតិលើកឡើង ក្នុងន័យគិតគូអំពីសុខទុក្ខចំពោះបងប្អូនប្រជាជនទូទៅ ក្នុងមូលដ្ឋានខណ្ឌចំការមនទាំងអស់និងបងប្អូនអាជីវករនៅតាមទីផ្សារនានា នៅខណ្ឌចំការមនព្រមទាំងអតិថិជននៃផ្សារនិមួយៗ សូមអោយបងប្អូនបន្តចូលរួម អនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា និង ជាពិសេសអ៊ំចាស់ ៗត្រូវថែទាំសុខភាពខណៈពេលនេះ ដោយអាកាសធាតុត្រជាក់នៅពេលរាត្រី និងពេលព្រឹកព្រលឹមហើយស្នើដល់អាណាព្យាបាល គ្រប់រូបត្រូវមើលថែទាំកុមារតូចៗផងដែរ ដោយមិនត្រូវធ្វេសប្រហែសឡើយ ពោលគឺសុខភាពជាចម្បង៕

អត្ថបទដែលជាប់ទាក់ទង