ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផ្តល់ព័ត៌មានជូន សមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា គ្រប់សកម្មភាពរបស់យើង គឺផ្អែកលើស្មារតីនៃ កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងធម្មនុញ្ញ អាស៊ាន

262

 

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានផ្តល់ព័ត៌មានជូនសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅក្នុងកិច្ចប្រជុំចង្អៀត អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ការផ្តល់ព័ត៌មាននេះ តបតាមការអញ្ជើញរបស់ លោកស្រី Mona Juul ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែមករានេះ។

បន្ទាប់ពីបានគូសបញ្ជាក់អំពីភាពស្មុគស្មាញចាក់ស្រេះនៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការវិវត្តថ្មីៗនៃបញ្ហាសន្តិសុខនយោបាយ និងមនុស្សធម៌នៅក្នុងប្រទេសនេះរួច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនក្រុមប្រឹក្សា អំពីកិច្ចខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ជាពិសេសអំពីលទ្ធផលនៃ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងជំហានឆ្ពោះទៅមុខដើម្បីជំរុញវឌ្ឍនភាព ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា៖ «លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីយើងខ្ញុំ ទៅកាន់ទីក្រុងណៃពិដោ គឺជាបេសកកម្មដើម្បីទម្លុះទម្លាយភាពជាប់គាំង។ ទស្សនកិច្ចនេះ មានគោលបំណង ដើម្បីកសាងទំនុកចិត្ត ការជឿជាក់ និងការយោគយល់គ្នា ហើយទស្សនកិច្ចនេះ ពិតជាអាចដើរតួនាទីជាការបោះជំហាន ដ៏រឹងមាំមួយឆ្ពោះទៅរកវឌ្ឍនភាព បន្ថែមទៀត។ សម្ដេចតេជោ បានទៅទីនោះដើម្បីដាំដើមឈើ ជាដើមឈើសម្រាប់សន្តិភាព និងការផ្សះផ្សាជាតិ។ វាត្រូវការពេលវេលា ភាពអត់ធ្មត់ និងការអនុវត្តជាក់ស្តែង មុនពេលគេអាចប្រមូលផល ពីដើមឈើនោះបាន»។

ខណៈពេលជម្រាបជូនអំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានគូសបញ្ជាក់ពីគោលបំណងចម្បង នៃដំណើរទស្សនកិច្ច រួមមាន៖

* (១)៖ ភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងណៃពិដោឡើងវិញ ដើម្បីស្វែងរកមធ្យោបាយ ឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ការបញ្ចប់អំពើហិង្សា និងការបន្តបទឈប់បាញ់ដោយភាគីពាក់ព័ន្ធទាំងអស់ គឺជាការចាំបាច់ដោយខានមិនបានក្នុងការកសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន។

* (២)៖ ដើម្បីធានាថា ដំណើរទស្សនកិច្ចជាលើកដំបូង របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅកាន់ប្រទេស មីយ៉ាន់ម៉ា អាចប្រព្រឹត្តទៅបាន ដើម្បីជួយសម្រួលដល់ការ សម្របសម្រួលនៃកិច្ចសន្ទនា ដោយភាគីពាក់ព័ន្ធផ្ទាល់

* និង (៣)៖ ដើម្បីធានាបាននូវការផ្តល់ជំនួយ មនុស្សធម៌ ដោយសុវត្ថិភាព និងឆាប់រហ័សទៅដល់ប្រជាជន ដែលត្រូវការជំនួយបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រេសិតពិសេស ប្រាក់ សុខុន ក៏បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខផងដែរ អំពីជំហានបន្ទាប់ ដោយថ្លែងថា ឥឡូវនេះលោកកំពុងធ្វើការលើការរៀបចំកម្មវិធីសម្រាប់ ដំណើរទស្សនកិច្ចលើកដំបូង របស់លោក ក្នុងនាមជាប្រេសិតពិសេសស្ដីពីមីយ៉ាន់ម៉ា និងអាទិភាពរបស់លោក ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុង អំឡុងពេលកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងរៀបចំពីថ្ងៃទី ១៦-១៧ ខែកុម្ភៈ ជាការត្រៀមសម្រាប់ការរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ពហុភាគីពាក់ព័ន្ធ អំពីជំនួយមនុស្សធម៌ ដែលនឹងមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ពីលេខាធិការដ្ឋានអាស៊ាន (ASEC) និងប្រេសិតពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ហើយនឹងប្រមូលនូវវិធីសាស្រ្ត មនុស្សធម៌ជាក់ស្តែងទាំងអស់ពីអ្នកជំនាញ និងទីភ្នាក់ងារមនុស្សធម៌ក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ ការផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់រហ័ស។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ចប់ការផ្តល់ព័ត៌មានរបស់លោក ដោយសង្កត់ធ្ងន់ថា «គ្រប់សកម្មភាពរបស់យើង គឺផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច និងធម្មនុញ្ញ អាស៊ាន។ នៅមានបញ្ហា និងការប្រឈមជាច្រើនផ្សេងទៀត ក្រៅពីវិបត្តិនៅមីយ៉ានម៉ាដែល អាស៊ានត្រូវការដោះស្រាយ និងបានបន្ថែមថា លើសពីនេះ យើងត្រូវរែកពន់សុខុមាលភាព តំបន់ទាំងមូល យើងមិនអាចឱ្យវិបត្តិនៅមីយ៉ាន់ម៉ា ទាញយើង ឱ្យដើរថយក្រោយនោះទេ ហើយយើងត្រូវតែរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម ទាំងអស់នេះរួមគ្នា»៕

អត្ថបទដែលជាប់ទាក់ទង