ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ក្នុងមានទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០%

282

 

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត សម្រេចបានពាណិជ្ជកម្ មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ ដោយឡែកកម្ពុជានាំចូលមុខទំនិញសំខាន់ៗ ពីអារ៉ាប៊ីសាអូឌីតមានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត។

ថ្មីៗនេះនៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម សៅ អែហ្វអិម អាល់ ស៊ូវ៉េលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចំាព្រះរាជាណាចក្រកម្ពុជា (និវេសនដ្ឋាននៅទីក្រុងហាណូយ) ដើម្បីពិភាក្សាអំពីការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ជាពិសេសការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យបានខ្ពស់ ថែមមួយកម្រិតទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ជូនដល់ ឯកឧត្តមឯកអគ្គរាជទូត ដែលចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញ ចូលជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្តម ក្នុងការពង្រឹងចំណងមិត្តភាព និងការជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអូឌីត ឱ្យទទួលបាននូវវឌ្ឍនភាព វិជ្ជមានជាច្រើនកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងកោតសរសើរ ចំពោះការរីកចម្រើនលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ ដើម្បីសម្រេចនូវគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមឯកអគ្គរាជទូត បានស្នើឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស/ស្ថាប័នរដ្ឋ និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងគោលបំណងស្វែងយល់ពីតម្រូវការទៅវិញទៅមក ផ្គូផ្គងដៃគូធុរកិច្ច-វិនិយោគ និងការផ្លាស់ប្តូរមុខទំនិញសក្តានុពលរវាងទីផ្សារនៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋលេខាធិការបានគាំទ្រលើគ្រប់សំណើខាងលើ និងសង្ឃឹមថាថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងមានការរៀបចំជំនួបទ្វេភាគី រវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរភាគី អារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក្នុងគោលបំណងបង្កើតគណៈកម្មការចម្រុះរួម ដើម្បីផ្លាស់ប្តូរយោបល់គ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

ពាក់ព័ន្ធនឹងការឈរឈ្មោះជាបេក្ខភាពធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌ពិភពលោកឆ្នាំ២០៣០ និងស្នើសុំការ គាំទ្រពីកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ បានឆ្លើយតបដោយ អបអរសាទរចំពោះការតាំងចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេស អារ៉ាប៊ីសាអូឌីត ចំពោះការចូលរួមប្រកួតប្រជែង និងសូមជូនពរប្រទេស អារ៉ាប៊ីសាអូឌីតឱ្យទទួលបាន សំឡេងឆ្នោតគាំទ្រច្រើនពីសមាជិក BIE (Bureau International of Expositions) នាពេលខាងមុខ ហើយកម្ពុជានឹងត្រៀមខ្លួន ចូលរួមសហការជាមួយ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងករណីដែលប្រទេស អារ៉ាប៊ីសាអូឌីតឈ្នះការបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង