ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU បញ្ជូនជនសង្ស័យម្នាក់ជា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ ទៅតុលាការ ពីបទវីតិក្រម

276

ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ ។ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបញ្ជូនខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធប្រព្រឹត្តិល្មើសដែលប្បញ្ញត្តិក្នុងមាត្រា ៥៩២ (បទវីតិក្រម) នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដោយបានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យប្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់។

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ក្រុមស៊ើប អង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាង ជាបន្តបន្ទាប់ ព្រមទាំងស្ដាប់ចម្លើយ របស់ ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ ២៧ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ រួចមក អង្គភាពប្រឆាំង អំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យ បានប្រព្រឹត្តិល្មើសដែលប្បញ្ញត្តិក្នុងមាត្រា ៥៩២ (បទវីតិក្រម) នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

អ.ប.ព. សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យប្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្ដឹងដែលខ្លួនមិនទទួល បន្ទុកទៀតផង។

អង្គភាពប្រឆាំងអំពើពុករលួយសូមលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្តល់ព័ត៌មានមកអង្គភាពប្រឆាំង អំពើពុករលួយជាបន្ទាន់ ក្នុងករណីដែលមានជនខិលខូចណាម្នាក់ អះអាងថាខ្លួនអាចប្រើប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រី អ.ប.ព. ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ។

អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបញ្ជូនខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២. ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង