ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណបក្សប្រជាជនកម្ពុជា ទូរស័ព្ទអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ទៅកាន់អគ្គលេខាធិការ របស់គណបក្សកុម្មុយនិស្តវៀតណាម

200

 

ភ្នំពេញ ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម និងក្នុងឱកាសនៃខួបលើកទី ៩២ នៃការបង្កើត គណបក្សកុម្មុយនិស្តវៀតណាម (CPV) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមទូរស័ព្ទ ដើម្បីជូនពរ និង អបអរសាទរដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបសន្ទនាជាមួយ ឯកឧត្តម ង្វៀន ភូត្រុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម សម្ដេចតេជោប្រធានគណបក្ស បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះសមិទ្ធផលដ៏អស្ចារ្យ ដែលគណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបាន នាពេលកន្លងមក ជាពិសេស លទ្ធផលសំខាន់ៗ ដែលទទួលបានពីការអនុវត្តសេចក្តីសម្រេចនៃសមាជបក្សលើកទី១៣ ក៏ដូចជាការឆ្លើយតបទៅនឹងជំងឺ រាតត្បាត កូវីដ-១៩ ក្នុងកំឡុងពេល នៃការបន្ត ឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងបរិបទ “គន្លងថ្មី»។ សម្តេចតេជោប្រធានគណបក្ស បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ច្បាស់លាស់ និង ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ង្វៀន ភូត្រុង ប្រជាជនវៀតណាម នឹងបន្តសម្រេចបាននូវ សមិទ្ធផល កាន់តែធំធេងជាបន្តបន្ទាប់ ទាំងក្នុងវិស័យការពារជាតិ ការកសាង និងការធ្វើ កំណែទម្រង់ជាតិ។ សម្ដេចតេជោប្រធានគណបក្ស បានជូនពរ ឯកឧត្តម ង្វៀន ភូត្រុង រួមទាំង ថ្នាក់ដឹកនាំបក្ស ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាជនវៀតណាម ឱ្យទទួលបាននូវសុខភាពល្អ សុភមង្គល វិបុលភាព និងជោគជ័យគ្រប់ភារកិច្ច។

ឯកឧត្តម ង្វៀន ភូត្រុង បានសម្តែងនូវក្តីសោមន្សរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចតេជោប្រធានគណបក្ស ដែលបានអបអរសាទរ និងជូនពរយ៉ាងកក់ក្តៅ ដល់គណបក្ស រដ្ឋាភិបាល និង ប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិវៀតណាម និងខួបលើកទី ៩២ នៃការបង្កើត បក្សកុម្មុយនិស្តវៀតណាម ដែលការអបអរសាទរ និងជូនពរនេះជាសក្ខីភាព នៃទំនាក់ទំនងក្នុងភាពជា អ្នកជិតខាងល្អ ចំណងមិត្តភាពដ៏ស្និទ្ធស្នាលជាប្រពៃណី កិច្ចសហប្រតិបត្តិការប្រកប ដោយចីរភាព និង យូរអង្វែងរវាងវៀតណាម និងកម្ពុជា។

ឯកឧត្តម ង្វៀន ភូត្រុង បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមកនេះ ជាពិសេសការឆ្លើយតប ប្រកបដោយប្រសិទ្ធិភាពក្នុងការប្រឆាំងនឹង ជំងឺរាតត្បាតកូវី-១៩ ក៏ដូចជាការបង្កើតបុរេលក្ខខណ្ឌ សម្រាប់ការបើកសេដ្ឋកិច្ចពេញលេញជាប្រក្រតីឡើងវិញ ផងដែរ។ ឯកឧត្តមអគ្គលេខាធិការ មានជំនឿថា ក្រោមម្លប់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា និងរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជាការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព នៃរាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជន កម្ពុជាដើរតួនាទី ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសនិង ប្រជាជនកម្ពុជានឹងបន្តទទួល បាននូវសមិទ្ធផលកាន់តែអស្ចារ្យក្នុងការកសាង និងការអភិវឌ្ឍន៍ប្រទេសរួមទាំង ការរៀបចំប្រកបដោយ ជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅ ឆ្នាំ២០២៣ ខាងមុខ ពិសេសភាពម្ចាស់ការក្នុង តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ នេះផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយពេញចិត្តថា ទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេស ទាំងពីរបាននិងកំពុងពង្រឹង និងធ្វើឱ្យមានភាពស៊ីជម្រៅបន្ថែមទៀត ដោយមាននូវ សមិទ្ធផល សំខាន់ៗជាច្រើន លើវិស័យនានាដើម្បីចូលរួម ចំណែកថែរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់ប្រទេស ទាំងពីរ ក៏ដូចជាការនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ កាលពីឆ្នាំ កន្លងទៅនេះ បើទោះបីជាប្រទេសទាំងពីរបានជួបប្រទះនូវ ការលំបាកដោយសារតែជំងឺកូវីដ១៩ក៏ដោយ ភាគី ទាំងពីរនៅតែបន្តរក្សាទំនាក់ទំនង និងអន្តរកម្មជាន់ខ្ពស់ជាមួយគ្នាយ៉ាងញឹកញាប់ រួមទាំងការផ្លាស់ប្ដូរគ្នានៅ ក្នុងទម្រង់នានាជាច្រើន ដូចជាការរៀបចំដ៏ជោគជ័យ នៃកិច្ចប្រជុំត្រីភាគី រវាងប្រមុខដឹកនាំបក្សទាំងបីនៃប្រទេស វៀតណាម កម្ពុជា និងឡាវ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋន សាធារណៈរដ្ឋសង្គមនិយមវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជំនួបតាមប្រព័ន្ធអនឡាញ នានារវាងថ្នាក់ដឹកនាំនៃគណបក្ស និងប្រទេសទាំងពីរផងដែរ។

ឯកឧត្តមអគ្គលេខាធិការបក្ស និង សម្តេចតេជោប្រធានគណបក្ស បានឯកភាពថា គណបក្ស និងប្រទេសទាំងពីរ ចាំបាច់ត្រូវរក្សានិរន្តរភាព និងប្រើប្រាស់នូវយន្តការទ្វេភាគី ដែលមានស្រាប់ ប្រកបដោយស័ក្ដិសិទ្ធភាព។ គណបក្សទាំងពីរនឹងបន្ត ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រីក និង លើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ ផ្តល់អាទិភាព ដល់ការអនុវត្តប្រកបដោយភាពស័ក្ដិសិទ្ធ នូវកិច្ចព្រមព្រៀងដែល បានចុះហត្ថលេខានាពេលកន្លងមក ដើម្បីពង្រឹងទំនាក់ទំនង នយោបាយឱ្យកាន់តែ ស៊ីជម្រៅ បន្តពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ លើកកម្ពស់ការតភ្ជាប់ សេដ្ឋកិច្ចរវាងគ្នាដើម្បីជំរុញ ការអភិវឌ្ឍន៍រួម ជំរុញការសម្របសម្រួល យ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក នៅវេទិកាទាំងក្នុងតំបន់ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង