ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុងសប្តាហ៍ចាប់ពីថ្ងៃទី២៩-៣០ ខែមករា នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាង ២១ម៉ឺននាក់

41

 

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពី ស្ថិតិភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរសរុបចំនួន ២១៤,៦៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០២,៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៩២៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖ ខេត្តព្រះសីហនុ ៥៧,៨២៣ នាក់ , រាជធានីភ្នំពេញ ៣៤,០៦៥ នាក់ , ខេត្តពោធិ៍សាត់ ២០,០១៤ នាក់ ,
ខេត្តបាត់ដំបង ១៦,៧៨៣ នាក់ , ខេត្តសៀមរាប ១៦,៥៤៦ នាក់ , ខេត្តកំពត ១៣,៧០៨ នាក់។

សរុបរយៈពេលពេញមួយខែមករា ដើមឆ្នាំ២០២២នេះ ដោយរាប់ទាំង បុណ្យឆ្លងឆ្នាំសកលផង មានភ្ញៀវទេសចរប្រមាណ ៣,១៥៨,៥៣៧នាក់ ដែលបានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ដែលអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាន នៃការងើបឡើងវិញ ដ៏ឆាប់រហ័ស នៃវិស័យទេសចរណ៍ផ្ទៃក្នុង សម្រាប់ឆ្នាំ២០២២នេះ។

ប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន បានត្រៀមសម្រាប់ ពិធីបុណ្យចូល ឆ្នាំប្រពៃណីប្រជាជនចិន ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក៏ដូចជាធ្វើដំណើរ កម្សាន្តនានាទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់ សម្រាកផ្លូវការ។

ជាមួយចរន្តភ្ញៀវទេសចរនេះ ក្រសួងទេសចរណ៍ បានបន្តណែនាំឲ្យមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន បន្តពង្រឹងការ អនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋាន អាជីវកម្មទេសចរណ៍ ពិសេសនាឱកាស ចូលឆ្នាំប្រពៃណីចិននេះ៕

អត្ថបទដែលជាប់ទាក់ទង