សម្តេចតេជោ ហ៊ុន សែន សន្ទនាតាម ទូរស័ព្ទជូនពរ ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម
នៅក្នុងជំនួបសន្ទនា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការអបអរ សាទរយ៉ាងស្មោះស្ម័គ្រ ចំពោះសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេច បាននាពេលកន្លងមក ជាពិសេស លទ្ធផលសំខាន់ៗដែលទទួលបានពីការអនុវត្តសេចក្តីសម្រេច នៃសមាជបក្សលើកទី១៣ ក៏ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងកំឡុងពេល នៃការបន្តឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទការរស់នៅតាមបែប «គន្លងថ្មី»។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ច្បាស់លាស់ និង ត្រឹមត្រូវរបស់ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និង លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ប្រជាជនវៀតណាម នឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងជាបន្តបន្ទាប់ ទាំងក្នុងវិស័យ ការពារជាតិ ការកសាង និងការធ្វើកំណែទម្រង់ជាតិ។
បន្ទាប់ពីបានសម្តែងនូវក្តីសោមន្សរីករាយ និងការថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអបអរសាទរ និងជូនពរយ៉ាងកក់ក្តរួចមក លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និង លោកនាយករដ្ឋមន្ដ្រី ម៉ិញជិញ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផល សំខាន់ៗដែលកម្ពុជាសម្រេចបាននាពេលកន្លងមកនេះ ជាពិសេស ការឆ្លើយតបបកបដោយ ប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវី-១៩ ក៏ដូចជាការបង្កើតបុរេលក្ខខណ្ឌសម្រាប់ការ បើកសេដ្ឋកិច្ចពេញលេញជាប្រក្រតីឡើងវិញផងដែរ។
ថ្នាក់នាំទាំងពីររបស់វៀតណាម មានជំនឿថាក្រោមម្លប់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ការ គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃរាជរដ្ឋាភិបាល ប្រទេស និងប្រជាជនកម្ពុជា នឹងបន្តទទួល បាននូវសមិទ្ធផលកាន់តែអស្ចារ្យក្នុងការកសាង និងការអភិវឌ្ឍប្រទេស រួមទាំងការរៀបចំប្រកប ដោយជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ ២០២៣ ខាងមុខនេះ ពិសេសការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយលទ្ធផលផ្លែផ្កា។
លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និងលោកនាយករដ្ឋមន្ត្រី ជាម មិញជិញ និង សម្តេចតេជោ ហ៊ុន សែន បានឯកភាពថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តធ្វើការជាមួយគ្នាយ៉ាង ជិតស្និទ្ធដើម្បីលើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ប្រកបដោយស័ក្ដិសិទ្ធភាពនូវយន្តការទ្វេភាគី ដែលមានស្រាប់ ផ្ដល់អាទិភាពដល់ការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារួចនាពេល កន្លងមក លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចរវាងគ្នាដើម្បីជំរុញការអភិវឌ្ឍរួម និងជំរុញការសម្របសម្រួល យ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា៕