ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្ញើសារប្រាប់ ក្រុមបាតុករនៅ មុខក្រុមហ៊ុនណាហ្គាវើលដ៍ កុំឲ្យលលេងនឹងសំណាញ់ច្បាប់

193

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសារប្រាប់ទៅក្រុមបាតុករ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កុំឱ្យលលេងនឹងសំណាញ់ច្បាប់។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការទាមទារតាមទំនើងចិត្ត ពុំមែនជាសិទ្ធិដែលត្រូវបានការពារដោយច្បាប់នោះទេ! សកម្មភាពបំពានច្បាប់ណាមួយ ក៏ពុំមែនជាសិទ្ធិសេរីភាពរបស់បងប្អូននោះឡើយ! សូមបងប្អូនកុំលលេងនឹងសំណាញ់ច្បាប់ ព្រោះសំណាញ់នេះពិបាកនឹងស្រាយណាស់! ក្រុមដែលចងមិនប្រាកដថានឹងចេញមុខស្រាយទេ»

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានដល់ក្រុមបាតុករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យបញ្ឈប់ជាបន្ទាន់ នូវការប្រមូលផ្តុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថាលែង មានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងករណីដែលបាតុករនៅតែចចេសរឹងរូស បន្តប្រមូលផ្ដុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការ សុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះ មានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។

យ៉ាងណាក៏ដោយ ក្រោយមានការព្រមានពីរដ្ឋបាលរាជធានីភ្នំពេញ មានអតីតបុគ្គលិក ក្រុមហ៊ុនណាហ្កាវើលដ៍២នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទ ប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលមានមនុស្ស ៤នាក់បន្ថែមទៀត ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ក្នុងចំណោមក្រុមបាតុករ របស់អតីតបុគ្គលក្រុមហ៊ុនណាហ្គាវើលដ៍ ដែលប្រមូលផ្ដុំគ្នាដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង