ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំក្រើនរំលឹក បន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង

27

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំក្រើនរំលឹកបន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង (Omicron)។

តាមរយៈលិខិតដដែល រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ដោយសង្កេតឃើញថា បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងវីរុសកូវីដ១៩ ជាពិសេសអូមីក្រុង នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់ទៅហើយជារៀងរាល់ថ្ងៃ ដែលគួរឱ្យមានការព្រួយបារម្ភ ហើយវិធានការការពារការចម្លងជំងឺកូវីដ១៩ ក៏ឃើញថានៅមិនទាន់មានការអនុវត្តន៍បានម៉ត់ចត់ និងម៉ឺងម៉ាត់ ជាពិសេសការជួបជុំគ្នា គឺមានការកើនឡើងច្រើនទៅៗ ដោយមិនមានការប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ដែលបង្កលទ្ធភាពឱ្យមានការចម្លងវីរុសកូវីដ១៩ កាន់ច្រើនឡើងជារៀងរាល់ថ្ងៃ។

ក្រសួងសុខាភិបាល សូមជម្រាបសាធារណជនទាំងអស់ថា អូមីក្រុង (Omicron) កំពុងតែសកម្មចរាចរយ៉ាងឆាប់រហ័សដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែន នៅលើសាកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យបងប្អូនចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩នេះ ឱ្យបានទាន់ពេលវេលាដើម្បីជៀសវាងបាននូវមហន្តរាយសុខភាពសាធារណៈ ផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរួមទាំងការចៀសវាងបាននូវការវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូន និងដើម្បីធានាបាននូវនិរន្តរ៍ភាព នៃការរស់នៅធម្មតា ក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែងនោះ សូមប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសការពារ និង៣កុំ» និងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬសជំរុញ ឱ្យបានគ្រប់ៗគ្នា គោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសម្លេងនាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេសប្រកបដោយជោគជ័យ សម្រាប់ការចាក់ដូសមូលដ្ឋាន ក៏ប៉ុន្តែជាការចាំបាច់បំផុតនៅក្នុងកាលៈទេសៈនេះ ដែលបងប្អូនត្រូវមកទទួលយកនូវការចាក់ដូសទី៣ ឬដូសជំរុញបន្ថែមទៀត ដែលក្រសួងសុខាភិបាល ស្នើសុំឱ្យរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ និងអាជ្ញាមូលដ្ឋាននៅតាមស្រក សង្កាត់ ឃុំ ភូមិនៅទូទាំងប្រទេស ចាត់ចែងកៀរគរប្រជាជនដែលមិនទាន់បានចាក់ដូសទី៣ ឬដូសជំរុញ នៅតាមមូលដ្ឋានរបស់ខ្លួន សហការជាមួយមន្ទីរសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជំរុញការងារចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានលឿន រួមជាមួយនឹងការធ្វើយុទ្ធនាការអប់រំផ្សាយតាមគ្រប់រូបភាព ស្តីពីការបន្តការការពារការចម្លងវីរុសកូវីដ១៩ អូមីក្រង នេះ ឱ្យបានគគ្រឹកគគ្រេង ទូលំទូលាយ និងមានការជ្រៀតជ្រាបទៅដល់ប្រជាជននៅតាមសហគមន៍ឱ្យបានជាប់ជាប្រចាំជាមួយការដាក់ចេញនូវយន្តការតាមដានការអនុវត្តវិធានការការពារទាំងនេះផងដែរ។

បើទោះបីជាមានការគ្រប់គ្រងឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ បានទទួលលទ្ធផលល្អប្រសើរក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ហើយមានការធ្វេសប្រហែស ឬបំភ្លេចចោលនូវកិច្ចការពារខ្លួនកុំឱ្យមានការចម្លងជំងឺកូវីដ១៩ នោះឡើយ។

ជំងឺរាតត្បាតកូវីដ១៩នេះ នៅមិនទាន់ចប់នៅឡើយទេ ហើយយើងកំពុងតែប្រឈមមុខទៅនឹងការឆ្លងវីរុសកូវីដ១៩ អូមីក្រុងនេះ ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលជាការចាំបាច់ខ្លាំងណាស់ក្នុងពេលនេះ ដែលបុគ្គលគ្រប់រូបត្រូវត្រៀមលក្ខណៈ និងរៀបចំឱ្យបានល្អសម្រាប់ការឆ្លើយតប ការពារខ្លួន និងចូលរួមធ្វើអន្តរាគមន៍ទៅនឹងការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា៖ «យើងត្រូវតែអត់ធ្មត់បន្ថែមទៀត ខណៈដែលយើងកំពុងតែរៀនរស់នៅជាមួយនឹងវត្តមាននៃវីរុសកូវីដ១៩ និងការប្រុងប្រយ័ត្នខ្ពស់នៃការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញនៅពេលនេះ ដោយយើងទាំងអស់គ្នាចាំបាច់ត្រូវធ្វើសកម្មភាពឆ្លើយតបរួមគ្នា ដោយផ្អែកលើអ្វីដែលយើងបានដឹង និងធ្វើបានជោគជ័យរួចមកហើយនោះ និងរួមគ្នាទប់ស្កាត់ការចម្លងជាបន្តទៀត ដើម្បីកុំឱ្យហួសពេល និងមានការស្តាយក្រោយដោយយើងត្រូវត្រៀមរៀបចំបម្រុងសម្រាប់ការកើនឡើងជាគំហុកណាមួយនៃជំងឺកូវីដ១៩ ដែលអាចឱ្យយើងជៀសវាងបានពីសភាពការរាតត្បាតទៅហូសខ្សែបន្ទាត់ក្រហម ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលទទួលបន្ទុកធ្ងន់ធ្ងរ ឬអាចហួសកម្រិតដែលអាចទ្រាំទ្របាន ហើយក៏អាចការពារប្រជាជនងាយរងគ្រោះបានផងដែរ»។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា យើងដឹងបានថាអូមីក្រុង មានសមត្ថភាពខ្ពស់ក្នុងការចម្លងបន្តគ្នាលឿនជាងប្រភេទអាល់ហ្វា ឬដែលតា ហើយយើងក៏ដឹងដែរថា វិធានការសុខភាពសាធារណៈ និងការការពាររបស់បុគ្គល ដោយនៅក្នុងប្រទេសកម្ពុជា ការអនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» បូកនឹងការចាក់វ៉ាក់សាំងកូវីដ១៩ គឺជាចំណុចគន្លឹះដែលមានប្រសិទ្ធភាពខ្ពស់ ហើយនៅតែជាកិច្ចការការពារដ៏រឹងមាំបំផុតរបស់យើងប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងអូមីក្រុង (Omicron) និងការពារជនដែលងាយរងគ្រោះ ប្រសិនបើយើងទាំងអស់គ្នា អនុវត្តបានត្រឹមត្រូវ និងទៀងទាត់នូវវិធានការខាងលើនេះ។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដោយ «រួមគ្នាទទួលខុសត្រូវ ដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ១៩» ចូលទៅក្នុងសហគំន៍យើង៕

អត្ថបទដែលជាប់ទាក់ទង