ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូទីដ-១៩ និងទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ

281

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូទីដ-១៩ និងទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង” ស្របតាមវិធាន សុខាភិបាល និងដើម្បីធានារក្សាបាននូវទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ស្របតាមសេចក្ដីណែនាំ លេខ ០៩ អយក.សណន ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម ៖

១. ហាមធ្វើសកម្មភាពជួបជុំប្រមូលផ្តុំក្នុងចំណោមសិស្ស-និស្សិត និងយុវជន-យុវនារីតាមគ្រប់រូបភាព នៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងទីតាំងសាធារណៈនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលអាច បង្កហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ “អូមីក្រុង” ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។
២.គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំធ្វើការអប់រំ ណែនាំ ដល់សិស្ស-និស្សិត និងបុត្រធីតាគ្រប់រូប ឱ្យគោរពនូវទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ដើម្បីកុំឱ្យពួកគេមានការយល់ច្រឡំថា “ទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬ ជាថ្ងៃណាត់ជួប រវាងគូសង្សារ និងដើម្បីចៀសវាងការប្រព្រឹត្តសកម្មភាពខុសសីលធម៌ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ខ្លួនឯង គ្រួសារ-សាច់ញាតិ និងសង្គមជាតិទាំងមូល។

៣. ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរកិច្ចការនារី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសហការចុះត្រួតពិនិត្យ តាមដាន ឃ្លាំមើល និងចាត់វិធានការ ជាបន្ទាន់ ចំពោះសកម្មភាពមិនប្រក្រតីទាំងឡាយណា ដែលអាចកើតមានក្នុងឱកាសទិវានៃក្តីស្រលាញ់នេះ។

អត្ថបទដែលជាប់ទាក់ទង